(ភ្នំពេញ)៖ ដោយយោងតាមរបាយការណ៍ហានិភ័យពិភពលោក, សម្ព័ន្ធអង្គការដែលធ្វើការងារលើគ្រោះមហន្តរាយធម្មជាតិ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ប្រឈមនឹងភាពងាយរងគ្រោះខ្លាំង ពាក់ព័ន្ធគ្រោះមហន្តរាយ ដោយស្ថិតនៅចំណាត់ថ្នាក់ទី៤ នៃប្រទេសក្នុងតំបន់អាស៊ីដែលស្ថិតក្នុងប្រភេទមានហានិភ័យខ្ពស់បំផុត និងទី១៥ នៅទូទាំងពិភពលោក។

សម្ព័ន្ធអង្គការ ដែលមានឈ្មោះថា «ក្រុមធ្វើសកម្មភាពរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ» មានសមាជិកមកពីអង្គការ Save the Children, DanChurchAid, World Vision, ChildFund, ActionAid ជាដើមនោះ បានគូសរំលេចថា ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ សុទ្ធតែជាមូលហេតុចម្បងនៃគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា ដោយទឹកជំនន់ ដែលបង្កឡើងដោយព្យុះ និងភ្លៀងធ្លាក់ខ្លាំង គឺជាទម្រង់គ្រោះមហន្តរាយទូទៅបំផុត ដែលប្រទេសនេះជួបប្រទះជាប្រចាំ ពោលគឺ ៦៥% នៃគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រទេសជាតិ។ ក្នុងឆ្នាំ២០២០ ទឹកជំនន់ បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាង ១សែន៧ម៉ឺន៥ពាន់គ្រួសារ នៅទូទាំង ១៤ខេត្ត ដែលតំបន់ទាំងនោះត្រូវការនូវជំនួយស្បៀងអាហារ។

ក្រុមធ្វើសកម្មភាពរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានលើកឡើងថា ដើម្បីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជា ខ្លួនបានសង្កេតយ៉ាងដិតដល់ទៅលើបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាទៅលើសហគមន៍ ដែលងាយរងគ្រោះបំផុត រួមមានគ្រួសារក្រីក្រ អ្នកមានពិការភាព ជនជាតិដើមភាគតិច និងកុមារ។

សម្ព័ន្ធអង្គការមួយនេះ បានឱ្យដឹងថា ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២១ ខ្លួនបានធ្វើការស្ទង់មតិមួយស្តីពីវិបត្តិអាកាសធាតុទៅលើកុមារចំនួន ៣,១១៧នាក់ រួមជាមួយការពិគ្រោះយោបល់ តាមរយៈបណ្តាញកុមារ និងយុវជន ដើម្បីស្វែងយល់ពីការយល់ឃើញរបស់ពួកគេ ព្រមទាំងទំហំនៃផលប៉ះពាល់ ដែលកើតឡើងដោយសារវិបត្តិអាកាសធាតុមកលើជីវិតរបស់ពួកគេ និងមធ្យោបាយនាថ្ងៃខាងមុខ។

ដោយផ្អែកទៅលើការស្ទង់មតិលើវិបត្តិអាកាសធាតុ និងការពិគ្រោះយោបល់ ដែលធ្វើឡើងក្នុងចំណោមកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះផ្សេងៗទៀត ក៏ដូចជាបណ្តាញយុវជន ក្រុមធ្វើសកម្មភាពរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានផ្តល់អនុសាសន៍ចំនួន៦ចំណុច ដើម្បីចូលរួមទប់ស្កាត់នូវហានិភ័យនៃគ្រោះមហន្តរាយនេះ។ អនុសាសន៍ទាំង៦នោះរួមមាន៖

១៖ កសាងសហគមន៍ដែលមានភាពសុាំ តាមរយៈការសម្របសម្រួលកិច្ចសន្ទនា និងការផ្សព្វផ្សាយតាមសហគមន៍ ការបង្កើនការយល់ដឹងអំពីសកម្មភាពបន្ស៊ាំ និងការបង្កើនមូលនិធិដល់សហគមន៍ ដោយផ្អែកលើការងារបន្សុាំ។
២៖ ធានាបាននូវការកៀរគរធនធាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព ដែលជាផ្នែកឆ្ពោះទៅរកការអនុវត្ត ការចូលរួមចំណែកដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ(NDC) តាមរយៈការលើកទឹកចិត្តប្រទេសនានា ឱ្យអនុម័តនូវការប្តេជ្ញាចិត្តលើគម្រោងថវិកា ការគាំទ្រយុទ្ធសាស្ត្រថ្នាក់ជាតិ សម្រាប់ការកៀរគរធនធាន និងការប្តេជ្ញាចិត្ត ក្នុងដំណើរការធ្វើសេចក្តីសម្រេចជារួម ទាក់ទងនឹងការប្រើប្រាស់មូលនិធិដែលបានប្តេជ្ញា ដែលក្នុងនោះរួមមាន ការចូលរួមពីវិស័យឯកជន និងសង្គមស៊ីវិលផងដែរ។
៣៖ រក្សាគណនេយ្យភាព ដោយការបែងចែកមូលនិធិ សម្រាប់ទូទាត់ការខូចខាត និងសំណង ការពង្រឹងគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌ ដែលផ្តោតលើការប្រែប្រួលអាកាសធាតុ និងបញ្ហាកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ព្រមទាំងគាំទ្រទៅលើការសិក្សាដែលផ្អែកលើភស្តុតាង ស្តីពីផលប៉ះពាល់អាកាសធាតុ នៅក្នុងប្រទេស។
៤៖ ធានាថា គោលនយោបាយសកល ត្រូវបានផ្តោតលើសហគមន៍ រួមទាំងរង្វាន់ឥណទានកាបូន សម្រាប់ការអភិរក្សព្រៃឈើ និងការដាំដើមឈើឡើងវិញ ដោយគិតគូដល់ជីវភាពរស់នៅរបស់សហគមន៍ និងហានិភ័យដែលប្រឈមនឹងវិបត្តិអាកាសធាតុ ក៏ដូចជាការលើកកម្ពស់បច្ចេកវិទ្យា ដែលមានតម្លៃទាប និងអាចប្រើប្រាស់បាន ដើម្បីកាត់បន្ថយវិបត្តិអាកាសធាតុ។
៥៖ ធានាឱ្យមានការរៀបចំស្ថាប័ន និងការអនុវត្តគោលនយោបាយ ស្តីពីការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធនានា រាប់បញ្ចូលទាំងសង្គមស៊ីវិល និងយុវជន ដើម្បីធានាបាននូវនិរន្តរភាព ខណៈដែលការរក្សាអភិបាលកិច្ចល្អ ដោយការពង្រឹងការអនុវត្តគោលនយោបាយការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងការធានាបាននូវពាណិជ្ជកម្មកាបូន ត្រូវបានអនុវត្តដោយក្រមសីលធម៌ ដោយមិនមានការរាប់បរមាណឥណទានកាបូនជាន់គ្នា និងដោយមិនមានការប៉ះពាល់ដល់បរិស្ថានពិតប្រាកដ។
៦៖ ឆ្លើយតបទៅនឹងរបាយការណ៍វាយតម្លៃទី៦ នៃក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២១ និងភាពបន្ទាន់ដែលបានលើកឡើងនៅក្នុងរបាយការណ៍ ជាមួយនឹងសកម្មភាពប្រកបដោយមហិច្ឆតា។

សូមបញ្ជាក់ថា «ក្រុមធ្វើសកម្មភាពរួម កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជា» ជាក្រុមធ្វើសកម្មភាពរួម ប្រមូលផ្តុំនូវអង្គការសង្គមស៊ីវិល ដែលធ្វើការដើម្បីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ សម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុត រួមមានគ្រួសារក្រីក្រ អ្នកមានពិការភាព ក្រុមជនជាតិដើមភាគតិច និងកុមារ។