(កំពង់ធំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែបង្កើននូវការទទួលខុសត្រូវ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកដំណើរការប្រទេសឡើងវិញ។

សារអំពាវនាវជាថ្មីម្ដងទៀតរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម យុទ្ធនាការសហគមន៍ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩» នៅខេត្តកំពង់ធំ។ ក្នុងពិធីនោះក៏មានការចូលរួមពី លោក ចូស កាដែល អនុប្រធានបេសកម្មការទូត និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅស្ថានទូតអាល្លឺម៉ង់ និងសហការី, ប្រធានអង្គការ រ៉ាឆា ប្រចាំកម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនផ្សេងទៀតផងដែរ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលជាកត្តាសំខាន់នៅពេលនេះ នៅពេលដែលយើងកំពុងបោះជំហ៊ានទៅការរស់នៅធម្មតាតាមបែបប្រក្រតីភាពថ្មីនេះ អ្វីដែលជាការងារសំខាន់ដែលយើងត្រូវបន្ដទៀតនោះ គឺត្រូវតែបង្កើននូវការទទួលខុសត្រូវរបស់បុគ្គលសម្រាប់ទប់ស្កាត់ក្នុងការចម្លងនៃវីរុសកូវីដ១៩។ ទន្ទឹមការបង្កើននូវការទទួលខុសត្រូវរបស់បុគ្គលទៅលើសុខភាពផ្ទាល់ខ្លួននេះ យើងក៏ត្រូវឲ្យមានការចូលរួមបន្ថែមពីក្រុមគ្រួសារ សហគមន៍»

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានអះអាងទៀតថា ការទទួលខុសត្រូវរបស់បុគ្គល ក្រុមគ្រួសារ និងសហគមន៍ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ក្នុងការរស់នៅធម្មតាតាមបែបប្រក្រតីភាពថ្មីនេះ គឺដើម្បីធានាដល់និរន្ដភាពបានយូរអង្វែងក្នុងការបើកដំណើរការប្រទេសឡើងវិញ។ លោកស្រី បានលើកជាឧទាហរណ៍ថា នៅតាមបណ្ដាប្រទេសមួយចំនួន ដោយសារការធ្វេសប្រហែស ភ្លេចវិធានការពារខ្លួននៅពេលបើកប្រទេសឡើងវិញ ស្រាប់តែផ្ទុះជំងឺកូវីដ១៩ឡើងវិញដូចគ្នា។

លោកស្រី ឱ វណ្ណឌីន បានលើកទឹកចិត្តឲ្យនៅតាមបណ្ដាសហគមន៍ ចងក្រងជាបណ្ដាញឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់នូវការចម្លងវីរុសកូវីដ១៩ ដែលស្របតាមប្រធានបទ នៃយុទ្ធនាការអប់រំផ្សព្វផ្សាយរបស់អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ បានដាក់ចេញកាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។

បើតាមលោកស្រី ឱ វណ្ណឌីន យុទ្ធនាការថ្នាក់ជាតិស្ដីពី «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩» គឺមិនទាន់បិទបញ្ចប់នោះទេ ពោលនៅធ្វើបន្ដរហូតដល់ដំណាច់ឆ្នាំ២០២១៕