(កំពត)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសទទួល ស្គាល់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តកំពតគឺលោក ម៉ៅ ធនិន ជំនួសលោក ជាវ តាយ ត្រូវបានផ្ទេរទៅខេត្តពោធិ៍សាត់។

ពិធីប្រកាសទទួលស្គាល់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការចូលរួមពីលោក ភួង ស៊ីផាន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រតិភូអមដំណើរ ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអតីតយុទ្ធជន ប្រមាណជាង ២០០នាក់។

ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមា ជិកអតីតយុទ្ធជនទាំងអស់ គឺសម្ដេចទាំងទ្វេរ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹក ឃើញជានិច្ចចំពោះអតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នាព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ គឺលោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំនិងស្នើដល់អាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូន ក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យបានល្អថែមទៀត។

ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាន នូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជនមាន គុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

ក្នុងឱកាសនោះដែរ ដើម្បីដឹងគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន តាមរយៈលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករងនៃអគ្គនាយកដ្ឋានសំភារៈបច្ចេកទេស និងលោកស្រី ហ៉ឹម ច្រឹម បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ទេសរដ្ឋមន្ត្រី គន់ គីម ចែកជូនអតីតយុទ្ធជនប្រមាណ ១០០នាក់ មកពីស្រុកក្រុងទាំង៩ នៅខេត្តកំពត។ គ្រួសារអតីយុទ្ធ ជនទាំង ១០០នាក់ខាងលើ ដែលទទួលបានអំណោយ ក្នុងម្នាក់ៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ និងថវិកា ៥ម៉ឺនរៀល។

ទន្ទឹមនេះដែរលោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តកំពត ទើបនឹងតែងតាំងថ្មី និងលោកឧកញ៉ា វិញ ហ៊ួរ ក៏បានឧបត្ថម្ភថវិកាម្នាក់ៗ ៥ម៉ឺនរៀល ដល់អតីតយុទ្ធជនទាំង ១០០នាក់ ខាងលើ ក្នុងឱកាសនោះផងដែរ៕