(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានថ្លែងបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានដើរតួនាទីយ៉ាងសកម្មនៅក្នុងផែនការ យុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន (ATSP) តាមរយៈការអនុវត្តគម្រោង និងសកម្មភាពជាច្រើន ក្រោមផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ រួមមាន ការអភិវឌ្ឍធនធានមនុស្ស ការសិក្សាលទ្ធភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីគ្រប់គ្រងនិងបច្ចេកវិទ្យាឆ្នាំ២០២១។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងសាធារណរដ្ឋកូរ៉េលើកទី១២ ដោយមានការចូលរូមពីលោក HWANG, SEONG KYU អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃ សាធារណរដ្ឋកូរ៉េ រួមទាំងមានការចូលរួមពីលោក លោកស្រី រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លោក LIM JOCK HOI អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូអមដំណើរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងទូលំទូលាយរបស់សាធារណរដ្ឋកូរ៉េ (ROK)ចំពោះអាស៊ានក្នុងពេលដ៏លំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលក្នុងនោះបានចូលរួមវិភាគទានដល់មូលនិធិឆ្លើយតបនឹងជំងឺកូវីដ-១៩របស់អាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ការផលិតនិងការចែកចាយឱសថ និងវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ផងដែរ។

លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រប្រកបដោយសប្បុរសរបស់ខ្លួនដល់ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលចរាចរណ៍ផ្លូវអាកាសកម្ពុជា និងការធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលជាផ្លូវហាយវេអាស៊ានលេខ១២៣ ក៏ដូចជាការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅកម្ពុជា។

ជាមួយនោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងជូនអង្គប្រជុំអំពីគម្រោង និងសកម្មភាពផ្សេងៗដែលកំពុងអនុវត្តនៅ កម្ពុជា និងគម្រោងដែលនឹងត្រូវអនុវត្តក្រោមកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផងដែរ។ គម្រោងទាំងនោះ រួមមាន៖ គម្រោងចំនួន៤០ក្រោមផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េឆ្នាំ២០២១-២០២៥ និងគម្រោងចំនួនពីរដែលបានអនុវត្តក្រោមផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូន អាស៊ាន-កូរ៉េខាងត្បូង២០១៨-២០២០។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានកត់សម្គាល់អំពីការឯកភាពលើផែនទីបង្ហាញផ្លូវកិច្ច សហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េឆ្នាំ២០២១-២០២៥ និងការធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការចរចា កិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសអាស៊ាន-កូរ៉េ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លោកបានបង្ហាញជំនឿជាក់ថា ផែនទីបង្ហាញផ្លូវនេះនឹងត្រូវបានអនុវត្តដោយជោគជ័យ និងទាន់ពេលវេលា តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការខិតខំប្រឹងប្រែងរួមគ្នា៕