(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានថ្លែងថា នៅក្នុងវិស័យដឹកជញ្ជូន ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន បានឈានដល់កម្រិតនៃភាពចាស់ទុំ និងការយោគយល់ថ្មីមួយ ដោយសារការទំនាក់ទំនងទៅវិញទៅមកមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកបានបន្ថែមថា ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន កាន់តែរឹងមាំ និងទូលំទូលាយ កំពុងត្រូវបានបង្កើតឡើងតាមរយៈការធ្វើសមាហរណកម្មស្ថាប័ន ដែលបង្ហាញឱ្យឃើញនូវការរីកចម្រើនលើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដឹកជញ្ជូនសំខាន់ៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលេីកឡេីងដូច្នេះ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោករួមនឹងលោក NAKAYAMA NORIHIRO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុនលើកទី១៩ ដោយមានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងលោក LIM JOCK HOI អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូកិត្តិយសផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់ប្រទេសជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់អាស៊ាន និងជាដៃគូឈានមុខក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងផ្តល់ធនធានយ៉ាងច្រើន ក្នុងការគាំទ្រដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សកម្មភាពកម្មវិធី និងគម្រោងផ្សេងៗត្រូវបានអនុវត្តដោយជោគជ័យក្រោមក្របខ័ណ្ឌភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន (AJTP) ដោយផ្តោតជាសំខាន់លើសសរស្តម្ភសំខាន់ៗចំនួនបួនគឺ៖ កិច្ចសម្រួលការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការដឹកជញ្ជូនប្រកបដោយនិរន្តរភាពនិងគុណភាព និងការអភិវឌ្ឍធនធានមនុស្ស។

លើសពីនេះទៀត ប្រទេសជប៉ុនបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាប្រមាណជាង៦០%។ ដើម្បីបង្កើនប្រសិទ្ធភាព វិស័យភស្តុភារកម្ម ជប៉ុនមិនត្រឹមតែផ្តល់ការគាំទ្រលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនួយដល់កម្ពុជាក្នុងការរៀបចំផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម គម្រោងប្រើប្រាស់ប្រព័ន្ធPort EDIនៅកំពង់ផែ និងការកសាងសមត្ថភាពផងដែរ។

ឆ្លៀតក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រប្រកបដោយសប្បុរសរបស់ខ្លួនក្នុងការស្តារ និងសាងសង់ស្ពានចំនួនពីរឆ្លងកាត់ទន្លេមេគង្គ ការពង្រីកផ្លូវជាតិលេខ៥ ពីពីរគន្លងទៅបួនគន្លង និងការធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ ពីភ្នំពេញទៅវៀតណាម ដែលជាផ្លូវហាយវ៉េអាស៊ានលេខ១ ពីថៃទៅវៀតណាម។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីទំនុកចិត្តលើការអនុវត្តដោយជោគជ័យ និងទាន់វេលានូវឯកសារដែលបានអនុម័តចំនួនពីរមាន ១៖ របាយការណ៍ស្តីពីគោលការណ៍ដំណោះ ស្រាយព័ត៌មានវិទ្យា(ICT)សម្រាប់ការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងទី២៖ គោលការណ៍ណែនាំអាស៊ាន-ជប៉ុនស្តីពីការធ្វើសវនកម្មវិញ្ញាបនកម្មសម្រាប់ ស្តង់ដារភស្តុភារកម្មខ្សែ សង្វាក់ត្រជាក់(Cold Chain Logistics) និងគំនិតផ្តួចផ្តើមថ្មីមួយស្តីពីការប្រើប្រាស់ទិន្នន័យធំ(Big Data)ដើម្បីធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានិងការប្តេជ្ញាចិត្តមុតមាំ៕