(កំពង់ឆ្នាំ)៖ តំណាងប្រជាពលរដ្ឋ៣ភូមិ នៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កន្លងមកនៅកក្នុងអំឡុងឆ្នាំ២០២០-២០២១ ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំអមលាំង មានគ្នាជាង១០០គ្រួសារ បានដាក់សំណើសុំដល់អាជ្ញាធរស្រុកទឹកផុស និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យជួយបើកផ្លូវចាស់ពីបុរាណមួយខ្សែ ដែលមានប្រវែងជាង៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ដែលស្ថិតនៅជាប់ក្បាលដីកម្មសិទ្ធិរបស់លោក ខូវ គាត ដែលដីផ្លូវនេះ ក្រុមនិស្សិតបានវាស់វែងទុកផ្លូវក្នុងប្លង់ សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់រួចហើយ។ ប៉ុន្តែក្នុងអំឡុងជាង៥ឆ្នាំកន្លងមកនេះ ត្រូវបានលោក ខូវ គាត ម្ចាស់ដីនៅចំណុចខាងលើនេះ បានបិទផ្លូវនេះមិនឱ្យប្រជាពលរដ្ឋប្រើប្រាស់ឡើយ។

ដោយឡែកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តបតាមសំណើខាងលើនេះ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យលោក សូត្រ សង់ អភិបាលស្ដីទីស្រុកទឹកផុស ដឹកនាំក្រុមការងារចម្រុះ ចុះបើកផ្លូវនេះឡើងវិញ ហើយក៏មានការឯកភាពពីរភាគគេម្ចាស់ដី និងអាជ្ញាធររួចម្តងហើយ។

ប៉ុន្តែទោះផ្លូវនេះបានបើកឡើងវិញហើយនោះ ប្រជាពលរដ្ឋនៅតែមិនអាចធ្វើដំណើរបានដដែល ព្រោះថា ផ្លូវចាស់នេះមួយចំនួនធំ ត្រូវបានព្រៃឈើ និងព្រៃឫស្សីដុះពេញផ្លូវ និងមានជ្រោះជ្រលងជ្រៅៗដោយសារតែទុកចោលយូរឆ្នាំ មកហើយ។ ចំណែកផ្លូវថ្មីដែលកសាងដោយលោក ខូវ គាត មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះឡើយ និងបានធ្វើរនាំងបិទ លុះក្រោយមកតំណាងប្រជា ពលរដ្ឋបានដាក់សំណើរស្នើសុំទៅអភិបាលខេត្តកំពង់ឆ្នាំងម្ដងទៀត ដើម្បីសុំជួសជុលផ្លូវចាស់នេះ សំរាប់បម្រើផលប្រយោជន៍សាធារណៈ។

តំណាងប្រជាពលរដ្ឋ បានលើកឡើងទៀតថា បើអាជ្ញាធរខេត្តបើកផ្លូវនេះបានឡើងវិញនោះ ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរពីឃុំក្បាលទឹកស្រុកទឹកផុស ទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ជ្រាវ ក្នុងឃុំអមលាំងនោះ គឺអាចធ្វើ ដំណើរតាមផ្លូវដែលបើកនេះ មានចម្ងាយប្រមាណតែ៦គីឡូម៉ែត្រប៉ណ្ណោះ គឺដល់តំបន់ទឹកធ្លាក់ជ្រាវនោះហើយ។

ប៉ុន្តែបើគេបិទផ្លូវនេះដូចសព្វថ្ងៃ គឺប្រជាពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវវាងជិត២០គីឡូម៉ែត្រ ទើបដល់តំបន់ទឹកធ្លាក់ជ្រាវភ្នំឱរ៉ាល។ ប្រជាពលរដ្ឋទាំង៣ភូមិ នៅជាប់ព្រំប្រទល់ឃុំក្បាលទឹកចង់ធ្វើដំណើរទៅកាន់ទីប្រជុំជនផ្សារ ស្រុកទឹកផុស ដើម្បីលក់ដូរកសិផលនានា ឬចង់ទិញរបស់របបប្រើប្រាស់ ឬក៏មានធុរៈយកអ្នកជំងឺទៅមន្ទីរពេទ្យនោះ ក៏ត្រូវធ្វើដំណើរតាមផ្លូវវាងជិត២០គីឡូម៉ែត្រ។ ដោយជួបការលំបាកដូច្នេះហើយទើបពេលនេះប្រជាពលរដ្ឋ ទទូចស្នើសុំលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងថ្មី មេត្តាជួយដោះស្រាយ ដោយសុំបើកផ្លូវខាងលើនេះឲ្យប្រជាពលរដ្ឋជាង១០០គ្រួសារ បានប្រើប្រាស់ឡើងវិញដោយអនុគ្រោះ។

ជុំវិញនឹងសំណើសុំបើកផ្លូវរបស់ប្រជាពលរដ្ឋខាងលើនេះនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា ចំពោះការសុំបើកផ្លូវនេះ លោកធ្លាប់បានចុះពិនិត្យ និងសិក្សារួចហើយ អាចនឹងអនុញ្ញាតឱ្យជួសជុលផ្លូវចាស់នេះឡើងវិញ ឬខេត្តនឹងស្នើសុំទៅក្រសួងបរិស្ថាន ធ្វើផ្លូវថ្មីមួយខ្សែទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងពេលដល់ឆាប់ខាងមុខនេះ៕