(កំពង់ចាម)៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ រួមនិងមន្ត្រីពាក់ព័ន្ធ រៀបចំទីកន្លែងសម្រាប់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ដែលឆ្លងកាត់ទន្លេមេគង្គនេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង សរសៃដែក។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារ។

មន្ត្រីបានបន្តទៀតថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ។ បន្ទាប់ពីសាង់សង់រួចនោះសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យបើកដំណើការជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាលពីពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅដើម្បីបញ្ជៀសការកកស្ទះ៕