(ភ្នំពេញ)៖ កំណាត់ផ្លូវប្រវែងជិត៧គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ ឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋនៅជាយក្រុង ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ បើកការដ្ឋានជួសជុល និងពង្រីកឲ្យធំជាងមុន ក្រោយពីកំណាត់ផ្លូវនេះទទួលរងការខូចខាត ដោយទឹកភ្លៀងនាពេលកន្លងមក។

ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

លោក ឃួង ស្រេង បានលើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រនេះឡើងវិញ។

លោក ឃួង ស្រេង បានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បន្តទៀតថា សម្តេចតេជោ មិនត្រឹមតែរំដោះប្រទេសជាតិ ពីចំណុចសូន្យ និងធ្វើការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ សម្ដេចនៅបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋថែមទៀត។ ជាក់ស្តែងនៅដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងការពារកូវីដ១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ ដូសទី២ ដូសទី៣ ឬហៅដូសជំរុញនោះ សូមទៅទទួលការ ចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាពនានា នៅក្នុងខណ្ឌរបស់ខ្លួន ហើយអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវតែជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កំណាត់ផ្លូវ១ខ្សែ ដែលបានបើកការដ្ឋានជួសជុលខាងលើនេះ មានប្រវង៦,៤៩០ម៉ត្រ នៅក្នុងភូមិសាស្ត្រអន្តរខណ្ឌ គឺសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថីឈ្នះឈ្នះភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិត ក្នុងខណ្ឌពោធិ៍សែនជ័យ)។

លោកអភិបាលខណ្ឌបន្តថា នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយបញ្ញាជំនន់ទឹកភ្លៀង បានធ្វើឲ្យកំណាត់ផ្លូវនេះ ទទួលរងការខូចខាតធ្ងន់។ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋលោក ឃួង ស្រេង ក៏បានលើក ផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើនត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។

សម្រាប់ឆ្នាំ២០២១នេះលោក ឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍បើកការរដ្ឋានជួសជុលពង្រីកផ្លូវខាងលើនេះឡើងវិញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ផ្លូវទទឹង១២ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ៕