(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានណែនាំឲ្យអនុវត្ត ៧ចំណុច សម្រាប់រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៉ីណូ និងមូលដ្ឋានអាជីវកម្ម ពេលខេត្តនេះបើកទទួលទេសចរណ៍វ៉ាក់សាំង។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា ដោយសារការគ្រប់គ្រងប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាយើងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសតាមរយៈយុទ្ធសាស្រ្ត នៃការចាក់វ៉ាក់សាំងការពារជំងឺកវីដ១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេសបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អតាមផែនការដែលបានគ្រោងទុក សកម្មភាពសេដ្ឋកិច្ច សង្គមត្រូវបានអនុញ្ញាតឱ្យមានសកម្មភាព ជាប្រក្រតីឡើងវិញជាបន្តបន្ទាប់ ដោយក្នុងនោះមានដូចជា ការបើកសាលារៀន ទីផ្សារលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន តំបន់ទេសចរណ៍ ព្រមទាំងសកម្មភាពការងារ និងមុខរបរមួយចំនួនធំទៀតដែលមានហានិភ័យកម្រិតទាប ក៏ត្រូវបានអនុញ្ញាតឱ្យបើកឱ្យដំណើរការឡើងវិញ ប៉ុន្តែត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។

សម្រាប់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី នៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យបើកមុនគេក្នុងការទទួលទេសចរណ៍វ៉ាក់សាំង សម្រាប់ការមកទស្សនាកំសាន្តនៅក្នុងក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។ ដើម្បីអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៉ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវអនុវត្តតាមការណែនាំដូចតទៅ៖

១៖ បញ្ចប់ការធ្វើចត្តាឡីស័កផង និងបន្តធ្វើការងារផង ព្រមទាំងបញ្ឈប់ការធ្វើចត្តាឡីស័កចំពោះបុគ្គលិក កម្មករ និយោជិតនៅក្នុងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៉ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់។

២៖ ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៉ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ត្រូវអនុញ្ញាតឱ្យបុគ្គលិក កម្មករ និយោជិតរបស់ខ្លួនអាចចេញ ចូលទីតាំងអាជីវកម្មបានតាមការកំណត់ព្រមព្រៀងគ្នា ឬអាចចេញទៅសម្រាកនៅផ្ទះ ឬទីសំណាក់របស់ខ្លួនបាននៅក្រោយពេលបញ្ចប់ម៉ោងការងារ។

៣៖ ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៉ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវពង្រឹងការអនុវត្តវិធានសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានម៉ឺងម៉ាត់ជាមួយបុគ្គលិក កម្មករ និយោជិតរបស់ខ្លួន ក៏ដូចជាអ្នកមកទទួលសេវា។

៤៖ ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៉ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ត្រូវធានាថាបុគ្គលិក កម្មករ និយោជិត និងភ្ញៀវចេញ ចូលទាំងអស់ត្រូវតែពាក់ម៉ាស ត្រូវបានវាស់កម្ដៅ ដើម្បីពិនិត្យសុខភាពជាបឋមមុនពេលចូលទៅកាន់ទីកន្លែងបំពេញការងារ ផ្តល់សេវា និងចូលទៅទទួលសេវា។ ត្រូវរៀបចំឱ្យមានការស្កេន QR Code (Stop Covid-19) មានឧបករណ៍វាស់កម្ដៅ ម៉ាស៉ីនបាញ់ថ្នាំសម្លាប់មេរោគ អាល់កុល ឬររាល់កុល ជែល សាប៊ូលាងដៃ…។ល។ ដោយត្រូវខិតខំអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាររវប្បបរមា SOP សម្រាប់ភ្ញៀវ និងកម្មករ បុគ្គលិក និយោជិតបានប្រើប្រាស់គ្រប់គ្រាន់ និងជាប្រចាំ។

៥៖ ក្នុងករណីមានការសង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលិក កម្មករ នៅក្នុងទីតាំងអាជីវកម្មនោះ ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងត្រូវម្ចាស់ការចាត់ចែងយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស (Rapid Test) ជាបន្ទាន់។

៦៖ ក្នុងករណីបានរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលិក កម្មកររបស់ខ្លួនម្ចាស់ទីតាំងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាលដែលនៅជិតបំផុត ដើម្បីចាត់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរព្យាបាលអ្នកជំងឺកូវីដ-១៩ ឬអនុញ្ញាតឱ្យគាត់ទៅព្យាបាលជំងឺនៅតាមផ្ទះ (ក្រោយពីការវាយតម្លៃរបស់ក្រុមគ្រូពេទ្យលើស្ថានភាពសុខភាពរបស់អ្នកជំងឺ)។

៧៖ ក្រោយពេលបុគ្គលិក កម្មករ និយោជិតបានជាសះស្បើយពីជំងឺកូវីដ-១៩ ដោយមានការបញ្ជាក់ពីមន្ទីរ សុខាភិបាលខេត្ត ត្រូវអនុញ្ញាតឱ្យគាត់ចូលបម្រើការងារនៅកន្លែងដើមវិញដោយគ្មានការរើសអើងឡើយ៕