(ភ្នំពេញ)៖ នាទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានរៀបចំពិធីអបអរសាទរ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាស «ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពីវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ» ដោយមានការចូលរួមអបអរសាទរ និងជូនពរ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដល់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់សមិទ្ធផលដ៏អស្ចារ្យ ជាច្រើនរបស់លោកក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលកម្មវិធីបានប្រព្រឹត្ត ទៅនៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ។

លោកបណ្ឌិត ឡេង ភីរម្យ នាយកវិទ្យាស្ថាន តំណាងរបស់លោកតាកេស៊ិ អ៊ីហ្សូកាក់ ជាស្ថាបនិកក្រុមហ៊ុនអេធូអេ ថោនខេមបូឌា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសលើកទី១ ដែលគិតចាប់តាំងពីការបង្កើតឡើង របស់វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យក្នុងឆ្នាំ២០១៤កន្លងមក ជូនលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្អែកលើកត្តាសំខាន់ៗចំនួនបីគឺ៖

*កត្តាទី១៖ លោកគឺឥស្សរជនជាន់ខ្ពស់ ដែលមានភាពចាស់ទុំពោរពេញដោយបទពិសោធន៍ក្នុងការដឹកនាំ ស្ថាប័នជាតិពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា ដែលជាចលករដ៏ចាំបាច់សម្រាប់អង្គការ នីតិប្រតិបត្តិក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកិត្តិយសជាតិលើឆាកអន្តរជាតិ។

*កត្តាទី២៖ លោកបានដឹកនាំឥស្សរជនថ្នាក់ជាតិ ដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់ៗ ដើម្បីការពារគោលជំហរ របស់កម្ពុជាលើឆាកអន្តរជាតិ និងស្វែងរកបទពិសោធពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយបណ្តាប្រទេសអភិវឌ្ឍជាច្រើនលើពិភពលោក ដើម្បីបានជាធាតុចូលសម្រាប់រៀបចំជាគោលនយោបាយជាតិ ដើម្បីជួយជម្រុញ និងសម្របសម្រួលដល់វិស័យពាក់ព័ន្ធ ជាពិសេស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

*កត្តាទី៣៖ លោកបាននិងកំពុងជំរុញ និងលើកកម្ពស់លើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការអញ្ជើញវិញ្ញុជន ដែលមានចំណេះជំនាញពាក់ព័ន្ធ វិស័យខាងលើពីបណ្តាស្ថាប័នជាតិ និងអន្តរជាតិ ឲ្យមកជុំគ្នារៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកសាងស្ថានប័នជាតិ ដើម្បីជួយគាំទ្រ និងលើកកម្ពស់ស្ថាប័នពាក់ព័ន្ធ ដែលកំពុងដំណើរការលើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរ ដើម្បីរុញនាវាជាតិកម្ពុជា ឲ្យប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍ ដោយពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេស ដែលពឹងផ្អែកលើវិស័យឧស្សាហកម្មស្របតាមទិសដៅ របស់រាជរដ្ឋាភិបាល។

ចាប់តាំងពីការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យមក ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនចំពោះឥស្សរជនដែល មានស្នាដៃឆ្នើមបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាឱកាសនេះ ជាលើកដំបូងសម្រាប់វិទ្យាស្ថាន ដើម្បីបង្ហាញពីការគោរព និងទទួលស្គាល់ស្នាដៃឆ្នើម ប្រកបដោយគុណតម្លៃដ៏ខ្ពង់ខ្ពស់ ព្រមទាំងវីរភាពរបស់ឥស្សរជនជាតិកម្ពុជា៕