(​នូវែ​លសេ​ឡង់​)៖ រដ្ឋាភិបាល​នូវែ​លសេ​ឡង់ បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា ខ្លួន​នឹង​ធ្វើ​ការត្រួតពិនិត្យ ច្បាប់​បង្កើន​ទំនុកចិត្ត​ពី​បរទេស​ឡើងវិញ បន្ទាប់ពី​មាន​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់ Panama Papers ដែល​កំពុងតែ​បង្ក​ការរំជើបរំជួល​ខ្លាំង​ជា​លក្ខណៈ​អន្តរជាតិ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែ​មេសា ឆ្នាំ​២០១៦​។​

​នូវែ​លសេ​ឡង់ មិនបាន​ធ្វើ​ការបកស្រាយ​អ្វី​ច្រើន​ជុំវិញ​បញ្ហា​នេះឡើយ ប៉ុន្តែ​ខ្លួន​បាន​អះអាង​ថា រឿង​គេចពន្ធ​អន្តរជាតិ និង​ការជាប់​ទាក់ទិន​ដទៃទៀត ត្រូវតែ​មាន​ការត្រួតពិនិត្យ ព្រមទាំង​ដោះស្រាយ តាម​ច្បាប់​ជា​ដាច់ខាត​។ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នូវែ​លសេ​ឡង់​លោក Bill English បាន​ថ្លែងថា រដ្ឋមន្ត្រី​ទាំងអស់ បាន​សម្រេច​ថា Panama Papers នោះ​ជា​ពន្លឺ​ថ្មី​ដែល​អាច​ឲ្យ​យើង​ពិនិត្យឡើងវិញ ថា​តើ​ច្បាប់​កន្លង​មកនេះ ពិតជា​គ្រប់គ្រាន់​អាប់​ទប់ស្កាត់​បទល្មើស​បែ​ប​លាក់កំបាំង​ដែរ ឬទេ​។​

​គួរបញ្ជាក់​ថា Panama Papers បាន​បកអាក្រាត​ក្រុមហ៊ុន​រកស៊ី​តាម​ដែនសមុទ្រ​ជាច្រើន ដែល​បាន ធ្វើឯកសារ​បន្លំ​គេចពន្ធ នៅក្នុង​ប្រទេស​នូវែ​លសេ​ឡង់​ផងដែរ​។ ឆ្លើយតប​នឹង​បញ្ហា​នេះ លោក English អះអាងថា នឹង​ធ្វើ​ការត្រួតពិនិត្យ​ច្បាប់​កន្លងមក ដើម្បី​រក្សា​ទំនុកចិត្ត​ចំពោះ​បរទេស ក្នុងនោះ​រួមមាន​ទាំង​កំណត់ត្រា និង ការផ្លាស់ប្តូរ​ព័ត៌មាន ជាមួយនឹង​យុត្តាធិការ​ពន្ធ​នានា​៕​