(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានគូសបញ្ជាក់រួមគ្នាថា អាស៊ានចាំបាច់ត្រូវពង្រឹងមជ្ឈភាព និងសាមគ្គីភាពរបស់ខ្លួនដោយអព្យាក្រឹត ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃការផ្លាស់ប្តូរនៃភូមិសាស្ត្រនយោបាយប្រកបដោយប្រសិទ្ធភាព។

តាមរយៈលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានកិច្ចប្រជុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏បានទទួលស្គាល់ផងដែរ អំពីសារសំខាន់ក្នុងការស្វែងយល់រួមគ្នារបស់យោធាអាស៊ាន ទៅលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានសម្តែងការគាំទ្រចំពោះការបង្កើតនូវឯកសារយុទ្ធសាស្ត្រ ស្តីពីការត្រៀមខ្លួនសម្រាប់ពេលអនាគតរបស់ ADMM (A Future-Ready ADMMi A Strategy Paper) ក្នុងគោលបំណងកសាងភាពធន់ និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នការពារជាតិអាស៊ានក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានក្នុងពេលអនាគត។

រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏បានពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានសារសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា និងការលេចឡើងនូវកតិការសញ្ញសន្តិសុខថ្មីៗក្នុងតំបន់ ជាដើម។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការផ្លាស់ប្តូរទស្សនៈ ស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយផ្តោតកិច្ចពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បញ្ហាសន្តិសុខ ប្រព័ន្ធអ៉ីនធើណែត ការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ ការជួយសង្គ្រោះគ្រោះមហន្តរាយ បញ្ហាភេរវកម្ម រួមទាំងបញ្ហាប្រឈម ផ្សេងៗ ដែលអាចកើតឡើងដោយសារការផ្លាស់ប្តូរនៃស្ថានការណ៍សន្តិសុខយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក។

បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានវាយតម្លៃខ្ពស់អំពីការវិវឌ្ឍន៍ និងតួនាទីនាំមុខរបស់កិច្ចប្រជុំ ADMM និង ADMM-បូក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណី។

រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏បានលើកឡើងពីសារសំខាន់នៃយន្តការ AIMM ក្នុងការពង្រឹកទំនាក់ទំនងជាមួយដៃគូខាងក្រៅ មិន ដើម្បីទាញយកនូវផលប្រយោជន៍បន្ថែមទៀតពីតំបន់ខាងក្រៅ ដោយឈរលើមជ្ឈភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មសន្តិសុខតំបន់។

ពាក់ព័ន្ធនឹងទំនាក់ទំនង ADMM ជាមួយដៃគូខាងក្រៅនេះ ក៏មានការជំរុញឱ្យមានការពិនិត្យមើលលទ្ធភាព នៃការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងអាស៊ាន និងប្រទេសទីម័រខាងកើត ស្របពេលដែលបេក្ខភាពរបស់ទីម័រ ជាសមាជិកអាស៊ាន កំពុងត្រូវបានពិនិត្យពិចារណា៕