(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញពន្លត់ទៀនជ័យ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិមានឯករាជ្យ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពិធីនេះមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ជុំវិញ ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តយុវជនកាកបាទក្រហម កម្ពុជាខេត្ត ក្រុមយុវជនកាយឬទ្ធិ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នោះផងដែរ។

សូមរំលឹកថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។

បន្ថែមពីទៀត ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវ ឲ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ ហើយការរៀបចំពិធីអបអរសាទរដល់ ថ្ងៃជាប្រវត្តិសាស្ត្រនេះ បង្ហាញឲ្យឃើញពីការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី របស់ប្រជាជាតិ កម្ពុជាផងដែរ។

សូមបញ្ជាក់ថា បារាំងបានដាក់អាណានិគមលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ ពោលចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕