(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូល ASEM លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងរួមចំណែកគួរឱ្យកត់សម្គាល់មួយដល់ការពង្រឹងពហុភាគីនិយម រក្សា នូវរបៀបរបបអន្តរជាតិផ្អែកទៅលើច្បាប់ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ឱ្យបានកាន់តែប្រសើរ និងរឹងមាំថែមទៀត។

ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលមានចំណងជើងថា «កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM» នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងគិតថា ការដែលទទួលធ្វើជាម្ចាស់ផ្ទះនោះនឹងនាំទៅដល់ការប្រមូលផ្តុំកិច្ចការដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាយើង ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ៥១ប្រទេសមកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន នឹងធ្វើដំណើរមកកម្ពុជា យើងសង្ឃឹមថា កិច្ចប្រជុំ ASEM13 នេះនឹងរួមចំណែកដ៏គួរឱ្យកត់សម្គាល់មួយដល់ការពង្រឹងពហុភាគីនិយម រក្សា នូវរបៀបរបបអន្តរជាតិផ្អែកទៅលើច្បាប់ ហើយឆ្លងកាត់តាមសកម្មភាពរួមរបស់យើង»

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ASEM មិនធ្លាប់ជួបប្រទះក្នុងការដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងកម្រិតពិភពលោកដូចបច្ចុប្បន្ននេះទេ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ប្រទេសដែលជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោកទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់ ប៉ុន្តែ សូមបញ្ជាក់ថា ASEM នេះមិនមែនជាអង្គការនោះទេ គឺជាវេទិកាជជែកគ្នាពីបញ្ហាទាំងឡាយ ដែលមានផលបប្រយោជន៍រួមជាមួយគ្នា។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា សម្រាប់ជំងឺរាតត្បាតកូវីដ១៩ បង្ហាញឱ្យឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូល ASEM13 គឺ «ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួម» គឺពិតជាមានសារសំខាន់ជាងពេលណាៗទាំងអស់។ ផលប៉ះពាល់នៃជំងឺកូវីដ១៩ បានជ្រាបចូលគ្រប់ផ្នែកទាំងអស់នៃសង្គមរបស់យើង ហើយការស្តារឡើងវិញពីជំងឺនេះ គឺជាដំណើរដ៏វែងឆ្ងាយ និងលំបាកយ៉ាងពិតប្រាកដ៕