(ឧត្តរមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនស្ត្រីម្នាក់ ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនជាង២០កញ្ចប់ និងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ត្រី កើត ខេមរ: មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ស្រុកត្រពាំងប្រាសាទ និងសហការជាមួយកម្លាំងអាវុធហត្ថខេត្តចំនួន០៣នាក់ ដែលដឹកនាំរួមដោយលោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរងខេត្ត ចុះបង្ក្រាបករណីជួញដូរ នូវសារធាតុញៀន០១កន្លែង ស្ថិតនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

គួរជម្រាបជូនថា ជាលទ្ធផលនៅក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះហុង ធីតា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើកាដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០១កញ្ចប់ធំ និងចំនួន ២៤កញ្ចប់តូច សរុបស្មើ ១៨៦.២៨ ក្រាម(ថ្លឹងទាំងថង) ២-ទូរស័ព្ទដៃ០១គ្រឿង ៣-ជញ្ជីងថ្លឹងសារធាតុគ្រឿងញៀនចំនួន០១គ្រឿង និង៤-កាបូបស្ពាយចំនួន០១ផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថស្រុក កំពុងកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕