(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្តេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទាំងនៅលើវិស័យពាក់ព័ន្ធលើផ្នែកបច្ចេកទេស លើវិស័យសោតទស្សន៍ និងទូរគមនាគមន៍។

នេះបើតាមការបញ្ជាក់របស់ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងឱកាសលោក ខៀវ កាញារីទ្ធ ជួបពិភាក្សាការងារជាមួយ លោក ជា វ៉ាន់ដេត ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ លើវិស័យសោតទស្សន៍ និងវិស័យទូរគមនាគមន៍ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

លោក កឹម គុណវឌ្ឍន៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តម រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្តេជ្ញាធ្វើកិច្ចសហការជាមួយគ្នា បំពេញអោយបានសម្រេចរាល់ការងារដែលរាជរដ្ឋាភិបាលដាក់ឱ្យបំពេញ ហើយជាមួយនេះក្រសួងទាំងពីរនឹងមានការចុះហត្ថលេខាលើសេចក្តីប្រកាសរួម សម្រាប់កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងពេលបន្តទៅមុខទៀត នៅក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជា មានដំណើរការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងវិស័យព័ត៌មានវិទ្យា ជាពិសេសក្នុងវិស័យឌីជីថល»

លោក កឹម គុណវឌ្ឍន៍ បានឱ្យដឹងថា សម្រាប់ការងារឌីជីថលនេះ គឺជាកិច្ចការងារដ៏សំខាន់នឹងត្រូវបានការយកចិត្តទុកដាក់របស់ក្រសួងជំនាញទាំងពីរ គឺក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សម្រាប់ឱកាសនៃជំនួបពិភាក្សាការងារនាពេលនេះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោក រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានសម្តែងនូវការរីករាយ ហើយបានធ្វើការចង្អុលបង្ហាញដល់មន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ឱ្យរួមសហប្រតិបត្តិការគ្នាកាន់តែជិតស្និតបន្ថែមទៀតលើគ្រប់ផ្នែកទាំងអស់ ពាក់ពន្ធ័ការងារបច្ចេកទេស ការងារជំនាញពិសេសវិស័យ សោតទស្សន៍ ផ្សព្វផ្សាយ និងទូរគមនាគមន៍កាន់តែមានភាពរីកចម្រើនជាលំដាប់៕