(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើក (ASEM13) ជាឱកាសពិសេសសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំ ASEM ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោក។

សម្រាប់បញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោក ដែលឧបនាយករដ្ឋមន្ត្រីចង់សំដៅនោះរួមមាន៖ សុខភាពសាធារណៈ, ការប្រែប្រួលអាកាសធាតុ, កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO), បញ្ហាការងាររបស់យុវជន និងយេនឌ័រជាដើម។

ការបញ្ជាក់បែបនេះរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលមានចំណងជើងថា «កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM» នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺជាឱកាសពិសេសសម្រាប់កម្ពុជាដើម្បី លើកកម្ពស់កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយជាវេទិកាមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM ទាំងអស់ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកលមានជាអាទិ៍៖ សុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហា ការងាររបស់យុវជន និងយេនឌ័រជាដើម ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀត»។

បើតាមប្រមុខការទូតកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និង បានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ASEM មិនធ្លាប់ជួបប្រទះក្នុងការដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិតពិភពលោកដូចបច្ចុប្បន្ននេះទេ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ជំងឺរាតត្បាតកូវីដ១៩ បង្ហាញឱ្យឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូល ASEM13 គឺ «ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួម» គឺពិតជាមានសារសំខាន់ជាងពេលណាៗទាំងអស់។ ផលប៉ះពាល់នៃជំងឺកូវីដ១៩ បានជ្រាបចូលគ្រប់ផ្នែកទាំងអស់នៃសង្គមរបស់យើង ហើយការស្តារឡើងវិញពីជំងឺនេះ គឺជាដំណើរដ៏វែងឆ្ងាយ និងលំបាកយ៉ាងពិតប្រាកដ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់បន្ថែមថា៖ «ការសង្កត់ធ្ងន់លើការតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប តែងតែជាវិស័យអាទិភាពមួយរបស់ ASEM។ ដូច្នេះនេះគឺជាពេលវេលាដែលយើង ត្រូវប្រែក្លាយការប្តេជ្ញាចិត្តទាំងនេះទៅជាសកម្មភាពជាក់ស្តែង។ ជាចុងក្រោយទ្វីបទាំងពីរ ចាំបាច់ត្រូវផ្តោតលើអភិក្រមរួមមួយ ដើម្បីឱ្យការតភ្ជាប់អាស៊ី-អឺរ៉ុប ក្លាយជាស្ពានតភ្ជាប់ទ្វីបទាំងពីរ របស់យើងលើគ្រប់វិស័យទាំងអស់»៕