(កោះកុង)៖ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ស្ត្រីគឺជាជនបង្គោលដ៏មានប្រសិទ្ធភាពការទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន ក្នុងគ្រួសារ និងសហគមន៍ឱ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។

ការលើកឡើងបែបនេះរបស់ឧត្តមសេនីយ៍ទោ លឹម តុងហួត បានធ្វើឡើងនៅក្នុងវេទិការស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ដែលមានការចូលរួមពីប្រជាពលរដ្ឋចូលរួមជិត១០០នាក់ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ទោ លឹម តុងហួត បានឱ្យដឹងថា «ការចូលរួមរបស់ស្រ្តីក្នុងនាមជាម្តាយ ជាបងស្រី ជាជីដូនពិតជាមានប្រសិទ្ធភាពក្នុងការជួយគ្រួសារ និងសហគមន៍ឱ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀនព្រោះថាស្រ្តីជាជនបង្គោលដ៏មានប្រសិទ្ធភាពក្នុងកាេអប់រំ ប្រៀនប្រដៅ ដល់បុត្រធីតា ប្អូនៗ ចៅៗ កុំឱ្យទៅពាក់ព័ន្ធនូវអំពេីអបាយផ្សេងៗពិសេសបញ្ហាគ្រឿងញៀន ដែលនាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»។

ថ្លែងក្នុងនាម ក្នុងនាមលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី ឡុង សុផល្លី បានថ្លែងថា ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ គឺជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ដោយសារបញ្ហានេះបាននឹងកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមយុវជន ហើយក្នុងនោះយុវនារីមួយចំនួនកំពុងមានការពាក់ព័ន្ធនឹងបទល្មើសនេះផងដែរ។

លោកស្រី ឡុង សុផល្លី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាទាំងអស់ដែលបានខិតខំចិញ្ចឹមបីបាច់អប់រំថែរក្សាបុត្រធីតាបានយ៉ាងល្អ មិនពាក់ព័ន្ធនឹងគ្រឿងញៀន អំពើអបាយមុខផ្សេងៗ និងសូមបន្តចូលរួមអប់រំកូនចៅ ឱ្យក្លាយជាពលរដ្ឋល្អ ជាធនធនសម្រាប់ចូលរួមអភិវឌ្ឍសហគមន៍ឱ្យបានរីកចម្រើនបានឆាប់រហ័ស។

ប្រសិនបើមានបុត្រធីតា ឬសមាជិកគ្រួសារណាម្នាក់ញៀនថ្នាំ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយព្យាបាលផ្តាច់ភាពញៀនគ្រឿងញៀន បានទាន់ពេលវេលានៅតាមមណ្ឌលសុខភាព ដែលនៅជិតអ្នក ចំណេញពេលវេលា រក្សាបានកិត្តិយស និងមិនគិតថ្លៃ៕