(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ បានបង្កើតព្រឹត្តិការណ៍កីឡាមួយឈ្មោះថា «Exercise for Health Exercise to Help»។ ព្រឹត្តិការណ៍នេះ មានគោលបំណងឱ្យសាធារណជនយល់ដឹងពីការហាត់ប្រាណដ៏ត្រឹមត្រូវ ដើម្បីសុខភាពទាំងអស់គ្នា ពិសេសអំឡុងពេលជំងឺកូវីដ១៩នេះ។

មន្ទីរពេទ្យកុមារអង្គរ ជឿជាក់ថា សាធារណជននឹងទទួលបានចំណេះដឹងលំហាត់ប្រាណពីភ្ញៀវកិត្តិយសប្រកបដោយជំនាញវិជ្ជាជីវៈ អំពីការធ្វើលំហាត់ប្រាណដ៏ត្រឹមត្រូវដើម្បីឲ្យសុខភាពរឹងមាំ មិនត្រឹមតែដើម្បីទប់ទល់ និងការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តែក៏ការពារពីជំងឺផ្សេងៗទៀត ដែលកំពុងវាយលុកដល់សុខភាពរបស់យើង។

តាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរ ព្រឹត្តិការណ៍ Exercise for Health Exercise to Help ចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងនោះមានកម្មវិធីផ្សាយផ្ទាល់ ជារៀងរាល់សប្តាហ៍រយៈពេល១ម៉ោង ដែលជាវេទិកាជជែកពិភាក្សាអំពីការថែសុខភាពតាមរយៈការធ្វើលំហាត់ប្រាណតាមរបៀប ឬវិធីផ្សេងៗពីគ្នា ដូចជាការជិះកង់ ការរត់ឬដើរ ការហាត់ថែរក្សារាង និងការហាត់បែប កាឌីយ៉ូដុតជាតិខ្លាញ់ក្នុងខ្លួន។

កម្មវិធីទាំងនេះ មានការចូលរួមពីសំណាក់ភ្ញៀវកិតិ្តយសដូចជា លោក ស៊ាម សុខខេង ហៅ ប៊ីន ម្ចាស់ក្លឹបហាត់ប្រាណវត្តរាជបូណ៌ និងប្រធានក្រុមកង់នាគខៀវ លោក អ៊ួន បឋម ហៅ សាយ ម្ចាស់យុទ្ធនាការ ១ដុល្លារដើម្បីកុមារកម្ពុជា នៃព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយសាយ លោក Johny Quach ស្ថាបនិក និងជាគ្រូបង្វឹកក្លឹប Johny Fitness Coaching (JFC) និង លោក សុខ ឆៃលាង (ពេជ្រ) ជាមួយអ្នកស្រី លីម ស៊ាចន្តាវត្តី ជាគូស្វាមីភរិយា គ្រូបង្វឹកមកពីក្លឹបហាត់ប្រាណ Angkor Fitness មកធ្វើការជជែកបកស្រាយចែករំលែកអំពីបទពិសោធន៍ផ្ទាល់ ក៏ដូចជាអត្ថប្រយោជន៍ និងគន្លឹះពិសេសៗនៅក្នុងការធ្វើលំហាត់ប្រាណដែលសមស្រប។

ជាមួយនឹងកម្មវិធីខាងលើនេះ ក៏មានការធ្វើកម្មវិធីរំលឹកខួបមួយឆ្នាំ នៃយុទ្ធនាការ ១ដុល្លារដើម្បីកុមារកម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏ល្បីក្នុងឆ្នាំ ២០២០កន្លងទៅ គឺព្រឹត្តិការណ៍ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដែលទឹកប្រាក់ ១ដុល្លាររបស់ប្រជាជនខ្មែរដែលបានបរិច្ចាគក្នុងមួយនាក់ បានបង្ហាញពីទឹកចិត្តដ៏សប្បុរស និងការរួបរួមសាមគ្គីគ្នាដើម្បីជួយដល់ជីវិតកុមារកម្ពុជាជាច្រើនអ្នកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

នៅក្នុងការចូលរួមរំលឹក ខួបនៃការលេងហ្គេម ១ដុល្លារសម្រាប់កុមារកម្ពុជា ការបរិច្ចាគរបស់ប្រជាជនខ្មែរម្នាក់តែមួយដុល្លារ ឬច្រើនជាងនេះជាថ្មីទៀតនៅក្នុងថ្ងៃនេះ នឹងជួយដល់កុមារកម្ពុជាប្រមាណជាង ១ម៉ឺនករណីក្នុងឆ្នាំ២០២១ ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ កំពុង ស្ថិតនៅក្រោមការយកចិត្តទុកដាក់យ៉ាងខ្ពស់ និងមមាញឹកពីសំណាក់បុគ្គលិកពេទ្យ ២៤ ម៉ោង/២៤ ម៉ោង។

ផ្នែកសង្គ្រោះបន្ទាន់ និងព្យាបាលជំងឺធ្ងន់នៃមន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងដោយមានបំពាក់ឧបករណ៍ពេទ្យស្តង់ដារ មានអនាម័យស្អាតគ្មានមេរោគ បុគ្គលិកមានជំនាញខ្ពស់ និងវិជ្ជាជីវៈ ដើម្បីជាជំនួយដល់ការថែទាំ និងជួយសង្គ្រោះជីវិតអ្នកជំងឺបានយ៉ាងរហ័ស និងល្អប្រសើរ ធ្វើឲ្យការចំណាយនៅក្នុងផ្នែក នេះមានចំនួនច្រើនជាងគេគឺប្រមាណជា ៨០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ឬ ៣៣ដុល្លារ ក្នុងករណីសង្គ្រោះបន្ទាន់មួយករណី និង ២៣១ដុល្លារ ក្នុងការ ព្យាបាលថែទាំជំងឺធ្ងន់ក្នុងមួយករណីក្នុងមួយថ្ងៃ ជាមធ្យមករណីព្យាបាលជំងឺធ្ងន់ត្រូវការរយៈពេល ៣- ៥ ថ្ងៃ និងជំងឺភាគច្រើនគឺ ជំងឺដង្ហើមធ្ងន់ធ្ងរ ជំងឺទារក(កើតមិនគ្រប់ខែ) រលាកខួរក្បាល ជំងឺបេះដូង ជំងឺកង្វះអារូបត្ថម្ភ ជំងឺខ្វះគ្រាប់ឈាម ជំងឺតំរង់នោមធ្ងន់ធ្ងរ និងជំងឺមហារីក ជាដើម។

តើលោកអ្នកចូលរូមលេងហ្គេមដោយរបៀបណា? សូមចូលរួមលេងហ្គេម #១ដុល្លារដើម្បីកុមារកម្ពុជា #1USDforCambodianChildren ដោយផ្សាភ្ជាប់ជាមួយយុទ្ធនាការ #ហាត់ប្រាណដើម្បីសុខភាព #ហាត់ប្រាណដើម្បីជួយជីវិតកុមារកម្ពុជា #ExerciseForHealth #ExerciseToHelp ដោយគ្រាន់តែ ធ្វើការបរិច្ចាគ ១ដុល្លារ ឬច្រើនជាងនេះទៅកាន់មន្ទីរពេទ្យកុមារអង្គរ Screenshot Transactions ព្រមទាំងភ្ជាប់ជាមួយរូបថត ឬវីដេអូរបស់សកម្មភាពកំពុងហាត់ប្រាណរបស់អ្នក បន្ទាប់មកណែនាំ (tag) ទៅកាន់មិត្តភក្កិ ១០ នាក់បន្តទៀត រួចបង្ហោះ (Post) នៅលើគណនីបណ្តាញសង្គម របស់លោកអ្នក។

សូមចូលរួមលេងហ្គេម ដោយបរិច្ចាគថវិកាមកកាន់ មន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះ ជីវិតកុមារកម្ពុជា ឬតាមរយៈ App គណនីមន្ទីរពេទ្យកុមារអង្គរ នៃធនាគារខាងក្រោម៖
• Wing: 9122 (ប្រាក់រៀល) & 8122 (ប្រាក់ដុល្លារ)
• ABA: 000 853 843
• ACELDA: 0100 0105 6968 28
• Sathapana: 078 0808 2834 1001 02
• និង Website៖ https://exerciseforhealth.raisely.com/