(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វិធីសាស្ត្រថ្មីសម្រាប់គណនាអត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា។

សន្និសីទនេះ មានគោលបំណងពន្យល់ផ្សព្វផ្សាយដល់សាធារណជន អំពីចំណុចគន្លឹះសំខាន់ៗ មូលហេតុ និងការកំណត់បន្ទាត់ភាពក្រីក្រតាមវិធីសាស្រ្តថ្មី និងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់សេដ្ឋកិច្ច និងភាពក្រីក្រនៅកម្ពុជា។

បើតាមសេចក្ដីជូនដំណឹង សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមជាវាគ្មិនពី ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕