(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា «ការបិទសិទ្ធិបញ្ចេញមតិគ្មាននោះទេ មានតែការផ្ដល់ឱកាសឱ្យមានសិទ្ធិបញ្ចេញមតិលើកឡើងដាក់ជាសំណូមពរផ្សេងៗ និងដើម្បីសរុបជារបាយការណ៍ ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរិះរកដំណោះស្រាយដោយសន្តិវិធីជូនប្រជាពលរដ្ឋ»។

លោក ឯក ឃុនដឿន បានគូសបញ្ជាក់ទៀតថា លោកហាមឃាត់ និងទប់ស្កាត់មិនឱ្យមានដាច់ខាតរាល់ការរៀបចំដឹកនាំធ្វើបាតុកម្ម ដោយគ្មានការអនុញាត្ត (គ្មានច្បាប់) ពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ព្រោះប្រទេសមានច្បាប់ បន្ទាប់ពីទទួលបានការផ្ដល់ឱកាសឱ្យមានសិទ្ធិបញ្ចេញមតិលើកឡើងដាក់ជាសំណូមពរផ្សេងៗ ដើម្បីរិះរកដំណោះស្រាយជូនដោយសន្តិវិធី ពីសំណាក់ប្រជាពលរដ្ឋ។

ការគូសបញ្ជាក់របស់លោកអភិបាលខណ្ឌ ធ្វើឡើងនៅក្នុងវេទិការរកដំណោះស្រាយក្នុងគោលនយោបាយសមស្របមួយរវាងអាជ្ញាធរខណ្ឌសង្កាត់ភូមិ និងប្រជាពលរដ្ឋសហគមន៍ស្ទឹងកំបុត ចំនួន២១០គ្រួសារ ដែលរស់នៅប៉ះពាល់ដល់ការអភិវឌ្ឍពង្រីកផ្លូវ៣០ម៉ែត្រ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងវេទិការនេះ ប្រជាពលរដ្ឋសហគមន៍ស្ទឹងកំបុត ចំនួន២១០គ្រួសារ ដែលរស់នៅ១០-២០ ទៅ៣០ឆ្នាំមកទល់បច្ចុប្បន្ន ហើយប៉ះពាល់ដល់ការអភិវឌ្ឍពង្រីកផ្លូវ៣០ម៉ែត្រនេះ បានលើកឡើងម្នាក់ម្ដងៗ និងមានគោលបំណងផ្សេងៗគ្នា ដោយអ្នកខ្លះស្នើសុំប័ណ្ណកម្មសិទ្ធិរស់នៅស្របច្បាប់ និងខ្លះទៀតស្នើសុំគោលនយោបាយដោះដូរជាលុយតាមហាងឆេងទីផ្សារ ក្រោយពីពួកគាត់ទាំងអស់គ្នា ទទួលបានការផ្ដល់ឱកាសគ្រប់ៗគ្នា ក្នុងការមានសិទ្ធិបញ្ចេញមតិលើកឡើង ដាក់ជាសំណូមពរផ្សេងៗគ្នា ដើម្បីរិះរកដំណោះស្រាយជូនដោយសន្តិវិធី ពីសំណាក់អាជ្ញាធរខណ្ឌឬស្សីកែវ។

ជាការឆ្លើយតបលោក ឯក ឃុនដឿន បានសង្កត់ធ្ងន់ថា លោកនឹងសរុបរបាយការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានសំណូមពរផ្សេងៗ ឱ្យជួយរកដំណោះស្រាយជូន ពីសំណាក់ប្រជាពលរដ្ឋ ហើយផ្លូវ៣០ម៉ែត្រនៅតែជាផ្លូវ ដោយមិនអាចផ្ដល់កម្មសិទ្ធិរស់នៅលើផ្លូវបានឡើយ ព្រោះក្នុងនាមអាជ្ញាធរខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ បានផ្អែកទៅតាមប្លង់គោលរបស់សាលារាជធានីភ្នំពេញ៕