(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលមានចំណងជើងថា «កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM»

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកសាស្ត្រាចារ្យ ហ៉ីដេតុស៊ី នីស៊ីម៉ូរ៉ា ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) លោក លោកស្រី ឯកអគ្គរាជ/រដ្ឋទូតនៃប្រទេសដៃគូ ASEM ទាំងអស់ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា ចាប់ពីថ្ងៃនេះ មានរយៈពេលមិនដល់ពីរសប្តាហ៍ទេ ប្រទេសកម្ពុជានឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា សៀវភៅនេះ គឺជាការបោះពុម្ពផ្សាយរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយទទួលបានការសាទរយ៉ាងខ្លាំង ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា៖ «សៀវភៅនេះក៏បានគូសបញ្ជាក់ជាចម្បងលើមាគ៌ាធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ឱ្យបានកាន់តែប្រសើរ និងរឹងមាំថែមទៀត។

សៀវភៅនេះ បានរួមបញ្ចូលនូវការគិតគូដ៏ហ្មត់ចត់តាមរយៈអត្ថបទនានា ដែលផ្តោតលើទិដ្ឋភាពសំខាន់ៗ ដោយរាប់ចាប់ពីការតភ្ជាប់ផ្នែកនយោបាយ និងរូបវ័ន្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការតភ្ជាប់រវាងស្ថាប័ន និងប្រជាជន រហូតដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ សៀវភៅនេះទៀតសោតក៏ផ្តល់នូវគំនិតល្អៗជាច្រើន ដើម្បីជំរុញ ASEM ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលនាពេលខាងមុខ»។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា សៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ មានគោលបំណងបង្ហាញនូវមហិច្ឆតារបស់ ASEM ក្នុងការត្រួសត្រាយផ្លូវរបស់មួយនេះ តាមរយៈកាលានុវត្តភាព និងបញ្ហាប្រឈមទូទៅនានា នៅក្នុងពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ សំដៅសម្រេចបានអនាគតមួយប្រកបដោយបរិយាប័ន្ន ចីរភាព ភាពធន់ និងផ្អែកលើវិធានច្បាប់សម្រាប់ ASEM។

បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបង្ហាញការជឿជាក់ថា «ការបោះពុម្ពផ្សាយសៀវភៅនេះនឹងក្លាយជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលសំខាន់ជាច្រើនទៀតនៃកិច្ចប្រជុំកំពូល ASEM13 ពោលគឺការបោះពុម្ពផ្សាយនេះអាចផ្តល់នូវធាតុចូលដ៏មានតម្លៃជាច្រើនសម្រាប់ដៃគូ ASEM និងភាគីពាក់ព័ន្ធនានា ធ្វើការរួមគ្នាយ៉ាងមានប្រសិទ្ធភាព ដើម្បីប្រែក្លាយ ASEM ទៅជាសហគមន៍មួយប្រកបដោយថាមវន្ត មានភាពធន់ និងចីរភាព សម្រាប់ប្រជាជនក្នុងតំបន់អាស៊ី និងអឺរ៉ុប ក្នុងរយៈពេល២៥ឆ្នាំ ខាងមុខនេះ និងទៅអនាគត»។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ASEM មិនធ្លាប់ជួបប្រទះក្នុងការដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិតពិភពលោកដូចបច្ចុប្បន្ននេះទេ៕