(កំពង់ធំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងមនុស្សពេញវ័យ ដែលនៅសេសសល់ក្នុងខេត្តកំពង់ធំ។

ទីតាំងដែលលោកស្រី ឱ វណ្ណឌីន បានចុះពិនិត្យដំណើរការចាក់វ៉ាក់នាឱកាសនោះ រួមមាន៖ មណ្ឌលសុខភាពតាំងគោក, មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក, មណ្ឌលសុខភាពតាំងក្រសាំង។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានឆ្លៀតសាកសួរដោយផ្ទាល់ទៅកាន់កុមារតូចៗ ដែលគ្រប់អាយុចាក់វ៉ាក់សាំងអំពីចំណាប់អារម្មណ៍ និងមូលហេតុអ្វីបានជាពួកគេចង់វ៉ាក់សាំង។

ជាការឆ្លើយតប ពួកគាត់បើទោះអាយុនៅក្មេងៗក៏ពិតមែន ប៉ុន្ដែបានយល់ដឹងច្បាស់ពីភាពកាចសាហាវ នៃជំងឺកូវីដ១៩ ហើយដោយសារការភ័យខ្លាច និងការចង់ចូលសិក្សាទើបជាកត្តាជំរុញឲ្យពួកគេចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានក្រើនរំលឹក និងណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្ដដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលនៅសេសសល់ ដោយការយកចិត្តទុកដាក់បំផុត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,០១៧,០៨៧នាក់។

ក្នុងរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០៤៧,០៤១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៧,៦៨១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៦១,២១១នាក់
៤៖ អាយុ៥ឆ្នាំ ២១១,១៥៤នាក់៕