(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍៦ចំណុច ទៅកាន់រដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសអាស៊ាន ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្ត ដើម្បីជំរុញដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅតំបន់អាស៊ាន។

អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់ជូនរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ក្នុងពេលសម្តេចអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំ។

នៅចំពោះមុខរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងអគ្គលេខាធិការអាស៊ានផងនោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវបញ្ហាប្រឈមរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។ សម្តេចតេជោ បានគូសរំលេចថា ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាននោះ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ យើងរីកចម្រើន (We Care, We Prepare, We Prosper)»។

បន្ថែមពីលើនោះ ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំសំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាប័ន្ន។

សម្តេចតេជោ ក៏បានបង្ហាញនូវការមើលឃើញរបស់សម្តេចផងដែរថា ផែនការមេស្តីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ជាមួយគម្លាតអភិវឌ្ឍន៍តិចតួច និងការតភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិក និងជាមួយពិភពលោក តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន។

ដើម្បីកសាងបណ្តាញតភ្ជាប់នៅក្នុងតំបន់អាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍ចំនួន៦ចំណុច យកទៅពិចារណា។ អនុសាសន៍ទាំង៦ចំណុចនោះរួមមាន៖

ទី១៖ ជំងឺកូវីដ១៩ នឹងបន្តបង្អាក់ប្រតិបត្តិការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក្នុងរយៈពេល វែងខាងមុខ។ ដូច្នេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធន់សង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ, ការជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្តាប្រទេសជា សមាជិកអាស៊ាន ប្រកបដោយភាពរលូន និងរហ័សទាន់ចិត្ត នឹងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់ ប្រកបដោយភាពរឹងមាំ និងនិរន្តភាព។

ទី២៖ អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀត ក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូន ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ រួមទាំងសកម្មភាពអាទិភាពនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់ផែនការនេះ ដែលជា ឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ។

ទី៣៖ អាស៊ានត្រូវខិតខំពន្លឿនការចុះហត្ថលេខា និងដាក់ឱ្យអនុវត្តឱ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងទូលំទូលាយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប (AECATA) កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-នូវែលសេឡង់ (ANZ-ASA) និងកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-កូរ៉េ (AKASA) ជាដើម។ កិច្ចព្រមព្រៀងទាំងនេះ ជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងជាស្ពានតភ្ជាប់អាស៊ានទៅពិភពលោក។

ទី៤៖ អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ, ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ។ ខ្ញុំសូមបញ្ជាក់ជូនអង្គពិធីផងដែរថា ក្រោយពីកម្ពុជា បានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ ខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចទទួលបាន និងចូលរួមចែករំលែកបទពិសោធ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល។

ទី៥៖ វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដ ប្រមាណ ២០ភាគរយ ដែលជាប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យអាស៊ាន បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល ការកកស្ទះចរាចរ ឧស្ម័ន ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត។ ការជំរុញអនុវត្តការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ពិភពលោក យើងទាំងមូល។

ទី៦៖ អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈម ដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសតាមរយៈការជំរុញការអនុវត្តនូវលិខិតុបករណ៍ គតិយុត្ត ដូចជា៖ (១). សេចក្តីណែនាំស្តីពីការកែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើស្ដង់ដាររបាយការណ៍របស់អង្គការសហប្រជាជាតិ, (២). សេចក្តីប្រកាសព្រុយណេដារ៉ូស្សាឡាម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ២០៣០ ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិច ៥០% ពីឆ្នាំ ២០២១ ទៅឆ្នាំ២០៣០។

សូមបញ្ជាក់ថា ក្នុងសុន្ទរថាបើកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ានឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច អាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាម មូលបទ «អាស៊ានរួមគ្នាធ្វើ - ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា) ASEAN A.C.T. Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល៕