(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានដឹកនាំផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរិមា (SOP) ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាពភ្ញៀវ និងទីតាំងគោលដៅអាជីវកម្មសុវត្ថិភាព។ ក្នុងពិធីដែលរៀបចំនៅថ្ងៃទី១០ ខែវិច្ឆិកា មានការចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ និងម្ចាស់អាជីវកម្មបៀរហ្គាឌិនជាច្រើនចូលរួមផងដែរ។

លោក ពៅ ពិសិដ្ឋ បានរៀបរាប់ថា បន្ទាប់ពីទទួលបានការផ្សព្វផ្សាយពីក្រសួងទេសចរណ៍ ស្តីពីការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិន និងបានផ្សព្វផ្សាយជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ តាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ និងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសប្រតិបត្តិករទេសចរណ៍ ដែលប្រកបអាជីវកម្មបៀរហ្គាឌិន នៅទូទាំងប្រទេស។ អាជីវកម្មសេវាកម្សាន្តបៀរហ្គាឌិន គឺជាសេវាកម្ម ទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅពេលរាត្រី។

ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញនេះ បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិននេះ នឹងក្លាយជាកត្តាចម្បង ដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវជាតិ-អន្តរជាតិ ដើម្បីប្រែក្លាយពីការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប។ នេះជាការបញ្ជាក់ពីលោក ពៅ ពិសិដ្ឋ។

សូមរំលឹកថា កន្លងទៅថ្មីៗនេះប្រមុខរដ្ឋាភិបាល បានប្រកាសបើកទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងរួច នៅដើមឆ្នាំ២០២២ខាងមុខនេះ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបានបិទវិស័យនេះអស់រយៈពេលជិត២ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ឆ្លងរាលដាលពាសពេញពិភពលោក៕