(ភ្នំពេញ)៖ ទន្ទឹមនឹងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងជំរុញការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះក៏កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើន។

នេះបើតាមខ្លឹមសារនៃជំនួបទ្វេភាគីរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-ជប៉ុន ពិសេសទេសចរចាក់វ៉ាក់សាំងមកទស្សនាកម្ពុជា នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ថានទូតជប៉ុនរាជធានីភ្នំពេញ។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រានជូនលោកឯកអគ្គរាជទូត មីកាមិ ឱ្យដឹងថា កម្ពុជាពិតជាចង់ឱ្យភ្ញៀវទេសចរជប៉ុនមកទស្សនាឡើងវិញឱ្យបានច្រើន ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាពចំនួន៣គោលដៅ រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយតំបន់សៀមរាប-អង្គរក៏នឹងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។

លោករដ្ឋមន្ត្រី ថោង ខុន បានពិភាក្សាបន្ថែមជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ថានឹងជំរុញការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុនបន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេសសម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទាំងបីខាងលើក្នុងបរិបទកូវីដ១៩នេះ។ ក្នុងករណីការធ្វើដំណើរមកកាន់សៀមរាបហើយ អាចបន្តធ្វើដំណើរបានដោយទូលំទូលាយទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតដែលបានកំណត់។

លោករដ្ឋមន្ត្រីក៏បានជំរុញដល់ការអនុញ្ញាតឲ្យប្រតិបត្តិករទេសចរណ៍កម្ពុជាអាចចូលទៅកាន់ប្រទេសជប៉ុនឡើងវិញ ដោយប្រជាជនកម្ពុជាទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចធ្វើដំណើរទៅកាន់ក្រៅប្រទេសបានប្រកបដោយសុវត្ថិភាព។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការទទួលស្វាគមន៍ទេសចរជប៉ុនក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជាដូចជា៖

ទី១៖ ជួយគាំទ្រឱ្យមានសិក្ខាសាលាអនឡាញស្តីពីការភ្ជាប់ទំនាក់ទំនងផ្នែកឯកជនធុរកិច្ចទេសចរណ៍កម្ពុជា-ជប៉ុន។

ទី២៖ គាំទ្ររៀបចំការធ្វើទស្សនកិច្ចស្វែងយល់របស់ក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានពីប្រទេសជប៉ុន។

ទី៣៖ កម្ពុជាបានអញ្ជើញក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានជប៉ុនចូលរួមវេទិកាទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ។

ទី៤៖ គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ដូចជា ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍សុខភាព និងផាសុកភាព ទេសចរណ៍ផ្ទះទី២ ដែលប្រទេសជប៉ុនមានភាពល្បីពីផ្នែកទាំងនេះ។

ទី៥៖ បន្តគាំទ្រការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្កើត និងបង្កើនជំនាញឡើងវិញដល់អ្នកជំនាញទេសចរណ៍កម្ពុជា។

ទី៦៖ ស្នើសុំឱ្យមានការរៀបចំការចែករំលែកបទពិសោធន៍របស់ជប៉ុនលើការរៀបចំព្រឹត្តការណ៍កីឡាដល់កម្ពុជា និងសូមជួយផ្សព្វផ្សាយព្រឹត្តការណ៍កីឡានេះដល់ពលរដ្ឋជប៉ុនសម្រាប់ព្រឹត្តការណ៍ SEA Games 2023 នៅកម្ពុជា។

ទី៧៖ ពិនិត្យលើការកិច្ចចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ឬក្របខណ្ឌការងារកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ជប៉ុននៅពេលខាងមុខ។ អនុស្សរណៈនេះនឹងជួយលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។

ទី៨៖ បង្កើតក្រុមការងារមួយរវាងក្រសួងទេសចរណ៍ និងភាគីជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានាឆ្ពោះទៅមុខ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអញ្ជើញក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន មកចូលរួមប្រជុំផ្ទាល់នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងអំឡុងវេទិការទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅទីក្រុងព្រះសីហនុ៕