(ភ្នំពេញ)៖ លោកសេនាប្រមុខ គីម ជុងអ៊ុន (Kim Jong-un) ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានផ្ញើសារលិខិតអបអរសាទរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយគ្នាតាំងពីជំនាន់ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅជាព្រះប្រមុខដឹកនាំសង្គមរាស្ត្រនិយម និងលោក គីម អ៉ីលស៊ុង (Kim Il-sung) ប្រមុខដឹកនាំនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហើយក៏បានបន្តទំនាក់ទំនងនេះរហូតមកដល់សព្វថ្ងៃ។

នេះជាខួបលើកទី៦៨ហើយ ដែលកម្ពុជាទទួលបានឯករាជ្យភាពពេញលេញឡើងវិញ ពោលគឺចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ២០២១នេះ៕