(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា សីលធម៌សង្គម គឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា មិនមែនជាការទទួលខុសត្រូវ សម្រាប់តែស្ថាប័នរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី អញ្ជើញជាអធិបតីភាព បើកក្នុងកិច្ចប្រជុំអន្តរក្រសួង របស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមប្រព័ន្ធវីដេអូអនឡាញ ដែលមានអ្នកចូលរួមសរុបប្រមាណជាង៩៤នាក់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានបញ្ជាក់យ៉ាងដូច្នេះថា «សីលធម៌ វប្បធម៌ គឺជាអត្តសញ្ញាណ នៃជាតិសាសន៍ ដូចដែលពាក្សចាស់មួយឃ្លា បានលើកសម្រាប់ទុកក្រើនរំលឹកយើងគ្រប់គ្នាថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»

ក្នុងន័យនេះ លោកស្រីចង់បញ្ជាក់ថា សីលធម៌សង្គម មិនមែនជាការទទួលខុសត្រូវ របស់តែស្ថាប័នរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ តែគឺជាការទទួលខុសត្រូវ របស់យើងគ្រប់គ្នា ពោលគឺស្ថិតក្នុងដៃយើងទាំងអស់គ្នា ក្នុងការសម្រេចចិត្តសម្រាប់លើកកម្ពស់តម្លៃសីលធម៌ របស់សង្គមជាតិខ្មែរ។

គូសបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងនេះ រៀបចំឡើងក្នុងគោលបំណង ស្វែងរកធាតុចូល ដើម្បីស្វែងយល់ពីបញ្ហាសង្គមថ្មីៗ ដែលប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលកំពុងកើតមានឡើង តាមរយៈបណ្តាញសង្គម។

ក្នុងនោះ អាចប្រើប្រាស់ជារួម ក្នុងការរៀបចំគោលការណ៍ណែនាំអនុវត្តស្តង់ដា (SOP = Standard Operating Procedure) មួយដែលអាចអនុវត្តឆ្លើយតប បានទូលំ ទូលាយ ទៅនឹងរូបភាពអវិជ្ជមាននានា នៅក្នុងសង្គមបានទាន់ពេលវេលាឆ្ពោះទៅ ពង្រឹងតម្លៃសីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕