(កំពង់ស្ពឺ)៖ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ជាមោទនភាពដែលប្រជាកសិករទទួលបានទិន្នផលស្រូវច្រើនជាងឆ្នាំកន្លងទៅ តែក៏សោកស្តាយចំពោះតម្លៃបានថយចុះខុសពីឆ្នាំមុនៗ។

ការថ្លែងបែបនេះ ខណៈពេលលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពការប្រមូលផល របស់ប្រជាកសិករក្នុងឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកវ៉ី សំណាង បានប្រាប់ឱ្យដឹងថា សម្រាប់ខេត្តកំពង់ស្ពឺការបង្កបង្កើនផលឆ្នាំនេះ ប្រជាកសិករធ្វើស្រែលើសពីផែនការមានចំនួនរហូតដល់ទៅជាង ១២ម៉ឺនហិកតា ដែលឆ្នាំមុនសម្រេចបានតែជាង ១១ម៉ឺនហិកតាប៉ុណ្ណោះ។ ខណៈដែលការបង្កបង្កើនលើសពីផែនការនេះដែរ អ្វីដែលប្រជាកសិករ និងអាជ្ញាធរមានមោទនភាពគឺទិន្នផលទទួលបានលើសពីការរំពឹងទុក ដោយទទួលបានទិន្នផលស្រូវជាង ៣តោនក្នុងមួយហិកតា។

លោកអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បន្តថា ហើយអ្វីដែលប្រជាកសិករទទួលបានលើសពីការរំពឹងទុកនេះ គឺបណ្តាលមកពីការអំណោយផលនៃជីវជាតិដី អាកាសធាតុ និងទឹកគ្រប់គ្រាន់ ប៉ុន្តែឆ្នាំនេះបញ្ហាទឹកហាក់រៀងលើសបន្តិចដោយសារតែបញ្ហាភ្លៀងខុសរដូវ និងមានព្យុះទឹកភ្លៀង ហើយព្យុះនេះក៏បង្កឱ្យមានទឹកដក់ក្នុងស្រែច្រើន ដែលបង្កឱ្យមាន ការលំបាកដល់ការប្រមូលផលរបស់ប្រជាកសិករយើង។ តែទោះជាមានបញ្ហាចោទ ដល់ការប្រមូលផលយ៉ាងនេះក្តី វាក៏ប្រសើរដែរ យើងស៊ូច្រូតស្រូវក្នុងទឹក ប្រសើរជាគ្មានស្រូវច្រូតដែរ។

ទន្ទឹមនិងមោទនភាពនេះដែរ លោកអភិបាលខេត្ត ក៏បានសម្តែងនូវការសោកស្តាយ ចំពោះទិន្នផលដែលប្រជាកសិករទទួលបានក្នុងឆ្នាំនេះ គឺបញ្ហាតំលៃចុះថោកជាងឆ្នាំមុនៗ ដោយឆ្នាំនេះកសិករលក់ទិន្នផលស្រូវបានតែ១០៥០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម បើធៀបជាមួយនឹងឆ្នាំមុន កសិករលក់បានចាប់ពី ១១០០រៀល ទៅ១៣០០រៀល។

លោកបានបញ្ជាក់ថា ទោះជាតំលៃនេះថយមកត្រឹម១០៥០រៀលក្នុងមួយគីឡូក្រាម ក៏កសិករនៅតែចំនេញខ្លះដែរ តែគ្រាន់ថាការចំនេញនេះវាមិនសមតាមទៅតាមអ្វីដែលពួកគាត់រំពឹងទុកប៉ុណ្ណោះ៕