(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឱ្យប្រទេសអូស្ត្រាលី ជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទេស និងជំនាញការ នៅក្នុងវិស័យស្រាវជ្រាវ អភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្ត្រនានា ដល់កងទ័ពបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺឆ្លងដែលអាចកើតឡើងនៅថ្ងៃអនាគត។

ការជំរុញបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដោយមានការចូលរួមពី លោក Peter Dutton សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានរំឮកថា អូស្ត្រាលី គឺជាប្រទេសជាដៃគូសន្ទនារបស់អាស៊ាន ចាប់តាំងពីឆ្នាំ១៩៧៤មក ហើយទទួលស្គាល់ថាទំនាក់ទំនងនេះ បានវិវត្តមកគ្របដណ្តប់កិច្ចសហប្រតិបត្តិការ ទៅលើសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន។ កម្ពុជា បានវាយតម្លៃយ៉ាងខ្ពស់ ទៅលើសារសំខាន់ខាងផ្នែកយុទ្ធសាស្ត្រនៃអូស្ត្រាលីចំពោះអាស៊ាន និងគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រកបដោយអត្ថន័យ មានសារសំខាន់ និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានជំរុញយ៉ាងដូច្នេះថា៖ «ជាមួយគ្នានេះ ដោយបានមើលឃើញថាប្រទេសអូស្ត្រាលី គឺបានប្តេជ្ញាចិត្តក្នុងការកសាងភាពធន់ និងសមត្ថភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាត។ ខ្ញុំសូមជំរុញឱ្យប្រទេសអូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទេស និងជំនាញការ នៅក្នុងវិស័យស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្ត្រនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺឆ្លងដែលអាចកើតឡើងនៅថ្ងៃអនាគត»
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការគាំទ្រ និងការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការកសាងភាពធន់ក្នុងតំបន់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលអនាគត ត្រូវបានសង្កត់ធ្ងន់នៅក្នុងគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងរួមផ្សេងៗ ជាពិសេសកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ។

ទាក់ទិននឹងចំណុចនេះ សម្តេចបានឱ្យដឹងថា កម្ពុជាសូមអរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលី ក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក តាមរយៈការធ្វើជាសហប្រធានក្រុមការងារជំនាញផ្សេងៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ចាប់តាំងពីការកកើតក្រុមការងារនេះ ក៏ដូចជាការធ្វើជាសហប្រធានក្រុមការងារជំនាញស្តីពីវេជ្ជសាស្ត្រយោធាអាស៊ាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (២០២១-២០២៤) នាពេលបច្ចុប្បន្ន។

ដោយឡែករដ្ឋមន្ត្រីការពារជាតិកម្ពុជា «ក៏សូមវាយតម្លៃខ្ពស់ ចំពោះលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរបស់យើង ពោលគឺកម្មវិធីអាហារូបករណ៍ក្រោយឧត្តមសិក្សាការពារជាតិអាស៊ាន-អូស្ត្រាលី (AADPSP) ដែលឧបត្ថម្ភដោយប្រជាជនអូស្ត្រាលី តាមរយៈក្រសួងការពារជាតិអូស្ត្រាលី។

ខ្ញុំពិតជារីករាយដែលបានដឹងថាក្រុមដំបូងដែលទទួលបានអាហារូបករណ៍នេះ គឺបានបញ្ចប់ការសិក្សារួចហើយ។ ពិតណាស់ក្រុមនេះគឺជាបណ្តាញតភ្ជាប់ជាក់ស្តែង រវាងអ្នកយុទ្ធសាស្រ្តផ្នែកការពារជាតិ និងអ្នកបង្កើតគោលនយោបាយ អាស៊ាន និងអូស្ត្រាលី។ កម្មវិធីនេះក៏បង្ហាញពីសករាជថ្មីនៃភាពជាដៃគូអាស៊ាន-អូស្ត្រាលី និងបានពង្រឹងការរួមចំណែកដ៏សំខាន់ និងមានតម្លៃរបស់អាស៊ាន និងអូស្ត្រាលី ទៅកាន់សន្តិសុខ និងវិបុលភាពក្នុងតំបន់»។

 បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញការជឿជាក់ថាប្រទេសអូស្ត្រាលីនឹងបន្តផ្តល់ការគាំទ្រដល់តួនាទីជាស្នូលរបស់អាស៊ាន និងនិម្មាបនកម្មសន្តិសុខអាស៊ាន។ ម្យ៉ាងទៀតសង្ឃឹមផងដែរថា អូស្ត្រាលីនឹងបន្តគាំទ្រភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយនេះ ដោយការ គាំទ្រនេះនឹងជួយយើងក្នុងការកសាងភាពធន់របស់តំបន់ ដើម្បីដោះស្រាយបញ្ហារួមដ៏ស្មុគស្មាញ និងជួយដល់ដំណើការស្តារឡើងវិញរបស់យើងទាំងអស់គ្នា បន្ទាប់ពីជំងឺកូវីដ១៩ ផុតរលត់ទៅ៕