(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានទទួលតំណែងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ (ADMM) ដោយប្តូរវេនពីប្រទេសព្រុយណេដារ៉ូសាឡាម នៅថ្ងៃទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធ Video-Conference។

ក្នុងឱកាសទទួលតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្តេជ្ញាជំរុញឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ផ្តោតទៅលើការប្រឹងបែងរួមដើម្បីសម្រេចឱ្យបាននូវកិច្ចការសំខាន់ៗ។ ការសម្រេចបាននូវកិច្ចការទាំងនេះ នឹងជួយឱ្យតំបន់ទទួលបាននូវសន្តិសុខប្រកបដោយភាពសុខដុម និងអាចរក្សាកិច្ចការស្តារឡើងវិញក្រោយកូវីដ១៩ តាមរយៈសាមគ្គីភាពដ៏រឹងមាំនៃយើងទាំងអស់គ្នា។

នៅក្នុងស្មារតីនេះ ក្នុងនាមជាប្រធានប្តូរវេន សម្តេចពពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា កម្ពុជាបានជ្រើសរើសមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម» សម្រាប់ភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងឆ្នាំបន្ទាប់នេះ។

យោងតាមមូលបទខាងលើកម្ពុជានឹងធ្វើការងារឆ្ពោះទៅរកចំណុចអាទិភាព ដូចខាងក្រោម៖

ទី១៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចំពោះការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់តាមរយៈការគោរពតាមគោលការណ៍ដំណោះស្រាយឈ្នះឈ្នះ ចំពោះរាល់បញ្ហាទាំងអស់។

ទី២៖ បង្កើននូវតួនាទីស្រ្តីក្នុងអាស៊ាន និងការចូលរួមរបស់ពួកគេនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ទី៣៖ ជំរុញកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនរវាងកងកម្លាំងនៃបណ្តាប្រទេសអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺរាតត្បាតសកល។

ទី៤៖ បង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តពេញលេញនៃផែនការសកម្មភាពរយៈពេលបីឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

ទី៥៖ លើកកម្ពស់កិច្ចការកសាងទំនុកចិត្ត និងតម្លាភាព ហើយទាក់ទិនទៅនឹងចំណុចនេះ កម្ពុជានឹងដាក់ចេញនូវឯកសារគោលនយោបាយការពារជាតិកម្ពុជាទី៣ តាមរយៈការចេញផ្សាយជាផ្លូវការ សៀវភៅសការពារជាតិ ឆ្នាំ២០២១នេះ ដើម្បីសម្តែងនូវកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្ត និងតម្លាភាពក្នុងកិច្ចការការពារជាតិនៅក្នុងតំបន់។

ស្របទៅនឹងចំណុចគន្លឹះអាទិភាពខាងលើ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជាក៏នឹងផ្តោតសំខាន់ទៅលើការពង្រឹងតួនាទីស្នូល របស់អាស៊ាន និងសាមគ្គីភាពអាស៊ាន សម្រាប់យន្តការទំនាក់ទំនងក្នុងតំបន់ និងជាមួយដៃគូខាងក្រៅ។ ការយកចិត្តទុកដាក់នេះនឹងផ្អែកលើមាគ៌ាអាស៊ាន និងគោលការណ៍នានាដែល បានចែងក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា អាស៊ានត្រូវតែរួបរួមគ្នា រក្សាភាពរឹងមាំនិងភាពធន់របស់ខ្លួន នៅពេលដែលកំពុងប្រឈមនឹងសម្ពាធនិងឥទ្ធិពល ដែលកើតចេញពីការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ការធ្វើបែបនេះនឹងធានាថាតំបន់អាស៊ាន បន្តដើរទៅមុខឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាព ប្រកបដោយចីរភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «យើងជឿជាក់ថា អាទិភាពដែលបានដាក់ចេញសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២នេះ គឺពិតជានឹងបន្តពង្រឹងនូវសាមគ្គីភាពអាស៊ាន និងពង្រឹងតួនាទីស្នូល និងការដើរតួនាំមុខរបស់អាស៊ានទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ»