(ភ្នំពេញ)៖ តួនាទីមួយទៀតរបស់អ្នកសារព័ត៌មាន គឺសរសេរដើម្បីស្រាយចម្ងល់របស់មហាជន ដោយមិនត្រូវបន្ថែមចម្ងល់កាន់តែច្រើនដល់អ្នកអានអត្ថបទរបស់ខ្លួននោះឡើយ។ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) នៅក្នុងវគ្គសិក្សាស្តីពីការសរសេរព័ត៌មានរបស់ Fresh News កាលពីចុងសប្តាហ៍មុន។

លោក ម៉ារ យ៉ារិទ្ធ បានគូសបញ្ជាក់ថា៖ «អ្នកសារព័ត៌មាន មានតួនាទីមួយទៀត គឺជួយស្រាយចម្ងល់ដល់សាធារណជន ក្នុងរឿងអ្វីមួយ ដោយព្យាយាមប្រមូលព័ត៌មាននានាពីប្រភពឱ្យបានច្រើន ប៉ុន្តែគួរចៀសវាងនូវបន្ថែមការងឿងឆ្ងល់ថែមទៀតដល់មហាជន ឬចោទសំណួរទៅកាន់មហាជនជាដើម»។

កន្លងទៅមានវេបសាយព័ត៌មានមួយ បានបោកបញ្ឆោតអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យចូលអានអត្ថបទ តាមរយៈការបង្កើតចម្ងល់នៅលើចំណងជើង។ អត្ថបទរបស់ពួកគេ មិនបានស្រាយចម្ងល់មហាជនទេ ដោយរឿងខ្លះចំណងជើងផ្សេងខ្លឹមសារផ្សេង ឬរឿងខ្លះបែរជាចោទជាសំណួរទៅកាន់អ្នកអានទៅវិញ។

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News បានលើកឡើងថា អ្នកសារព័ត៌មានត្រូវស្គាល់អំពីតួនាទីរបស់ខ្លួនឱ្យច្បាស់លាស់ ហើយខិតខំអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមក្បួនខ្នាត និងក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន។ លោកជឿជាក់ថា ការបោកបញ្ឆោតឱ្យមហាជនចូលអានដោយគ្រាន់តែប្រើចំណងជើង តែមិនមានខ្លឹមសារបកស្រាយ និងពន្យល់ឱ្យត្រឹមត្រូវ គឺអាចធ្វើឱ្យមហាជនបាត់ទំនុកចិត្តក៏ថាបាន។

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារ ព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធ ដែលមានរហ័សនាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាននៃមជ្ឈមណ្ឌល៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334.