(ភ្នំពេញ)៖ លោក Khaled KHIARI ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងកោតសរសើរ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅលើ Facebook ផ្លូវការ។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យមន្ត្រីអង្គការសហប្រជាជាតិរូបនេះ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការបរទេស។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានបទការពិភាក្សារបស់យើងមានដូចជា ដំណើរអភិវឌ្ឍន៍របស់កម្ពុជា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា តួនាទី និងការចូលរួមចំណែករបស់យើង ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ លោក KHIARI បានកោតសរសើរយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា»

លោក ប្រាក់ សុខុន បានឲ្យដឹងបន្ថែមថា ក្នុងជំនួបនោះភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃការស្តារឡើងវិញ ដែលយកចិត្តទុកដាក់លើបរិស្ថានក្រោយជំងឺកូវីដ-១៩ និងបន្តលើកកម្ពស់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព។

គិតត្រឹមយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៩៩៩,៧៤១នាក់។ បើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺក្នុងការចាក់វ៉ាក់សាំងនោះ រួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០៤២,៩៨៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៦,៩៨០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៥៨,៤២៣នាក់
៤៖ អាយុ៥ឆ្នាំ ២០១,៣៥០នាក់៕