(ភ្នំពេញ)៖ «នាងខ្ញុំមានគំនិតបង្កើតសំឡីអនាម័យធម្មជាតិ (Sugarpads) គឺចង់ជួយកាត់បន្ថយបញ្ហារលាក បញ្ហារមាស់ទ្វារមាស ជួយកាត់បន្ថយបញ្ហាបរិស្ថាន និងបង្កើនទំនុកចិត្តដល់ស្រ្តី» នេះជាការអះអាងរបស់និស្សិត ទេព ចន្ទ្រនាថ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងឱកាសចូលរួមធ្វើបទបង្ហាញអំពីបទពិសោធន៍ នៃការកសាងគំរោងសហគ្រិនភាពរបស់ក្រុមប្អូន ដែលស្ថិតក្នុងចំណោមនិស្សិតចំនួន៣ក្រុម ដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងគំរោងសហគ្រិនភាព Techno Innovation Challenge រៀបចំឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សិក្ខាសាលាចែករំលែកបទពិសោធន៍នេះ បានធ្វើឡើងនាចុងសប្តាហ៍កន្លងទៅ (៥ វិច្ឆិកា ២០២១) តាមអនឡាញតាមរយៈប្រព័ន្ធ ZOOM ដោយមានការចូលរួមរបស់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ ប្រមាណជាង៨០នាក់។ នាកម្មវិធីបើសិក្ខាសាលា តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) លោក អ៊ឺម ក្រាវង្ស បានកោតសរសើរក្រុមនិស្សិតជ័យលាភី និងបានលើកទឹកចិត្តឲ្យនិស្សិតទាំងឡាយ ចូលរួមបង្កើតនូវគំនិតច្នៃប្រឌិត និងសហគ្រិនភាពដែលមានតួនាទីយ៉ាងសំខាន់សំរាប់យុវជន ផ្តល់ឱកាសឲ្យយុវជនមានគំនិតបង្កើតមុខរបរ ឬសហគ្រាសដោយខ្លួនឯងដើម្បីបង្កើតការងារ សំរាប់យុវជនផ្សេងៗទៀតដោយមិនរង់ចាំបំរើការងារឲ្យគេទាំងអស់ឡើយ។ ម្យ៉ាងទៀតប្រទេសជាតិ នឹងមានការរីកចំរើនជាមួយធនធានមនុស្សដែលបណ្តុះបណ្តាលបានក្នុងស្រុក និងអាចកែច្នៃធនធានវត្ថុធាតុដើមដើម្បីកាត់បន្ថយការនាំចូលពីប្រទេសដទៃ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយចាប់តាំងពីឆ្នាំ២០១៧មក ដែលសាលាតិចណូ បានរៀបចំការប្រកួតប្រជែងគំរោងសហគ្រិនភាព Techno Innovation Challenge ដោយមានការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុពី AUF រួមសហការជាមួយដៃគូរសង្គមសេដ្ឋកិច្ចដទៃទៀត ក្នុងនោះមាន Khmer Enterprise និងក្រុមហ៊ុន SMART ផងដែរ។

លោកសាស្ត្រាចារ្យ ឡាយ ហេង ប្រធានគំរោងសហគ្រិនភាពនេះបានលើកឡើងថា៖ «អ្វីដែលយើងចង់ផ្តោតជាសំខាន់គឺ ១-គំរោងកសិឧស្សាហកម្ម ដើម្បីជួយលើកទឹកចិត្តកសិករ និងការកែច្នៃផលិតផលកសិកម្ម និងការផលិតអាហារដោយប្រើប្រាស់ផលិតផលក្នុងស្រុក ២-គំរោងផលិតនិងគ្រប់គ្រងផលិត ផលថាមពល ៣-គំរោងកែច្នៃឧស្សាហកម្ម និង៤-គំរោងបច្ចេកវិទ្យាឌីជីថល»

លោកបានបញ្ជាក់ថា សាលាតិចណូបើកទូលាយឲ្យនិស្សិតគ្រប់មហាវិទ្យាល័យចូលរួមប្រកួតលើកក្រោយៗទៀតនិងអាចប្រើប្រាស់ធនធានដែលមានស្រាប់ មានដូចជាមន្ទីរពិសោធន៍ទាំងអស់ដើម្បីឲ្យនិស្សិតងាយស្រួលផលិតនូវ ផលិតផលគំរូ (Prototype) ហើយរាល់ផលិតផលគំរូមុនៗត្រូវបានរក្សាទុក និងដាក់តាំងឲ្យនិស្សិតដទៃៗ អាចទស្សនាស្នាដៃដែលនិស្សិតបានបង្កើតឡើងនៅក្នុងមជ្ឈមណ្ឌល Techno Incubation Space។

សំរាប់ការប្រកួតប្រជែងច្នៃប្រឌិតតិចណូនៅកម្ពុជាឆ្នាំ២០២១នេះ និស្សិត៣ក្រុមត្រូវបានជ្រើសរើសសំរិតសំរាំងជាច្រើនដំណាក់កាលក្នុងចំណោមនិស្សិត៥៦ក្រុម ដោយគណៈកម្មការវាយតម្លៃដែលសុទ្ធតែជាអ្នកជំនាញមកពីដៃគូ សហការណ៏ជាច្រើន។ និស្សិតជ័យលាភីទាំង៣ក្រុមនេះ បានបង្កើតគំរោង Surgarpad (សំឡីអនាម័យធម្មជាតិ) Eco Brick (ឥដ្ឋបរិស្ថាន) Yourspace (ចំណតរថយន្ត)។

សូមបញ្ជាក់ថា ក្រុមនីមួយៗមានគំនិតផ្ទាល់ខ្លួនក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាពជាមួយដំណោះស្រាយ ក្នុងគោលបំណងដោះស្រាយបញ្ហាពិភពលោកដែលកំពុងជួបប្រទះជាពិសេសនៅក្នុងប្រទេសកម្ពុជា។ តំណាងក្រុម Surgarpad បានបញ្ជាក់ប្រាប់ដល់ប្អូនៗនិស្សិតដទៃទៀតថា៖ «នាងខ្ញុំបានក្រេបចំណេះដឹងជាច្រើនក្រោយពីបានចូលរួមក្នុងការប្រកួត Techno Innovation Challenge ដោយអាចជួបមនុស្សផ្សេងៗ និងគ្រូដឹកនាំល្អៗដែលសុទ្ធតែជាអ្នកជំនាញ ហើយបានផ្តល់គំនិតល្អៗដល់នាងខ្ញុំ»

សូមរំលឹកថា ក្រោយពីទទួលបានជ័យលាភី ក្រុមនិមួយៗត្រូវផលិតនូវផលិតផលគំរូ Prototype បន្ទាប់មកស្វែងរកដៃគូរសហការណ៍ដើម្បីសាកល្បងដាក់ផលិតផលទាំងនោះលើទីផ្សារដោយមានការជួយគាំទ្រឧបត្ថម្ភថវិការពីមូលនិធិ Khmer Enterprise។ បន្ទាប់មក ក្រុមទាំងនេះធ្វើការចែករំលែកបទពិសោធន៍ជាមួយនិស្សិតដទៃៗទៀតតាមរយៈសិក្ខាសាលាដែលសហការណ៏រៀបចំឡើងជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ មុននឹងបញ្ចប់ការធ្វើបទបង្ហាញចែករំលែក បទពិសោធន៍នៃនិស្សិតទាំង៣ក្រុមមក និស្សិតដែលបានចូលរួមមានការចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះគំនិតសហគ្រិនភាព និងបានចោទសួរជាសំណួរចម្លើយជាច្រើនញ៉ាំងឲ្យមាន ការផ្លាស់ប្តូរដ៏មមាញឹករវាងនិស្សិតនិងនិស្សិត។

អំពី AUF បង្កើតឡើងនៅឆ្នាំ១៩៦១ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ជាបណ្តាញសាកលវិទ្យាល័យទី១លើពិភពលោកដោយមានគ្រឹះស្ថានជាង១០០០ជាសមាជិកមានវត្តមាននៅក្នុងប្រទេសចំនួន១២០ និងជាប្រតិបត្តិករដោយផ្ទាល់នៃអង្គការអន្តរជាតិនៃប្រទេសដែលនិយមភាសាបារាំងដើម្បីការអប់រំនៅឧត្តមសិក្សានិងការស្រាវជ្រាវ។

តាមរយៈបណ្តាញរបស់ខ្លួននៅលើទ្វីបទាំង៥ AUFស្ថិតនៅក្បែរប្រព័ន្ធអេកូអប់រំនិងសាកលវិទ្យាល័យនានាបានក្លាយជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករជាច្រើនដែលស្ថិតនៅផ្ទាល់តាមប្រទេសនានា ។ AUF បង្កើតនូវស្នាដៃជាច្រើនតាមរយៈកិច្ចព្រមព្រៀងក្នុងវិស័យរបស់ខ្លួន តាមរយៈសន្និសីទប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសដែលប្រើប្រាស់ភាសាបារាំង។ AUF មានបេសកកម្មជួយជ្រោមជ្រែងគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវ និងប្រតិបត្តិការដើម្បីការប្រើប្រាស់ភាសាបារាំងជាលក្ខណៈវិទ្យាសាស្ត្រដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌នៃសង្គម៕