(ព្រះសីហនុ)៖ រថយន្ដដែលបិទស្ទីគ័រដោយប្រើប្រាស់ពាក្យមិនសមរម្យ និងដាក់ភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់នៅពេលបើកបរ ត្រូវបានក្រុមល្បាតចល័ត របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់មកអប់រំណែនាំ និងដកចោលនៅនឹងកន្លែង ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើបែបនេះ។

រថយន្ដប៉ុន្មានគ្រឿងដែលសមត្ថកិច្ចចាប់ឃាត់ ដើម្បីអប់រំណែនាំ និងបកចោលនូវស្ទីគ័រដែលមានពាក្យមិនសមរម្យ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ និងផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។

មន្ដ្រីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ការបិទស្ទីគ័រដោយប្រើប្រាស់ពាក្យមិនសមរម្យនេះ មិនមានចែងក្នុងច្បាប់ឲ្យផាកពិន័យនោះទេ ប៉ុន្ដែបានបង្ហាញពីភាពអសីលធម៌នៅក្នុងសង្គម ដែលមិនតម្រូវឲ្យមានបន្ដទៀតនោះទេ។ ដោយឡែក ការបិទបាំងនៅលើបញ្ចក់វិញ គឺអាចបង្កគ្រោះថ្នាក់នៅពេលបើកបរជាយថាហេតុ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ការងារនេះគឺតែងអនុវត្តជាប្រចាំនៅតាមដងផ្លូវ នៅពេលឃើញមានរថយន្ដដែលបិទស្ទីគ័របែបនេះ។ យ៉ាងណាមិញ ការចាប់ឃាត់នេះ សមត្ថកិច្ចមិនមានការផាកពិន័យអ្វីនោះទេ ពោលគ្រាន់តែឲ្យម្ចាស់រថយន្ដបកចេញ ឬបាញ់លុបជាដើម រួចធ្វើកិច្ចសន្យាអប់រំប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ មន្ដ្រីជំនាញបានអំពាវនាវដល់ម្ចាស់យានយន្ដគ្រប់ប្រភេទ ពិសេសអ្នកបើកបររថយន្ដធុនធំ ត្រូវចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយមិនត្រូវកែច្នៃភ្លើងបំភ្លឺ ឬបិទបាំងនៅលើកញ្ចប់នោះឡើយ ដើម្បីសុវត្ថិភាពនៅពេលបើកបរ៕