(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា ក្រុមអាជីវករនៅក្នុងផ្សារស្ទឹងត្រែង នឹងទទួលបានតូប លក់ដូរជាកម្មសិទ្ធដូចដើមវិញ ក្រោយពេលផ្សារសាងសង់រួចរាល់ ពោលតូបទាំងអស់មិនត្រូវបានលក់ដូរ ឬជួលនោះឡើយ។ សម្តេចតេជោ ក៏បានប្រកាសកៀរគរថវិកាពីមន្រ្តីរាជរដ្ឋាភិបាល ដើម្បីជួយសាងសង់ផ្សារនេះ ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងផងដែរ។

នៅក្នុងពិធីកាត់ឬសីមាព្រះវិហារ នៅវត្តពានរោង ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ បានថ្លែងថា មានអាជីវករខេត្តស្ទឹងត្រែងមួយចំនួនបានកើតក្តីព្រួយបារម្ភ បារម្ភខ្លាចការសងសង់ផ្សារថ្មីអាជ្ញាធរ តម្រូវឲ្យពួកគាត់ទិញ ឬជួលតូបជាថ្មី។ ឆ្លើយតបការព្រួយបារម្ភនេះ សម្តេចតេជោ បានបញ្ជាក់ថា មិនមានការលក់ដូរ ឬជួលអ្វីទាំងអស់អាជីវករ ដែលមានតូបនៅចប់ណា ទំហំណា នឹងបានវិញប៉ុណ្ណោះដដែល។

សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ដូច្នេះ «អត់មានអ្នកណាទៅយកថ្លៃឈ្នួលគាត់ទៀតទេ ហើយក៏អត់ត្រូវការចេញ លុយជួលតូប ឬក៏ចេញលុយទិញថ្លៃតូបនោះទេ»។ បើតាមសម្តេចតេជោ ការធ្វើនេះ ធ្វើតែអាខាងលើ ហើយអាខាងក្រោមអាជីវករធ្លាប់ធ្វើតូបកន្លែងណា គឺគាត់ធ្វើតូបលក់ដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសកៀរគរថវិកាពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលផងដែរ ដើម្បីចូលរួមសាងសង់ផ្សារស្ទឹងត្រែង។ សម្តេចតេជោ បានឲ្យដឹងថា ការសាងសង់ផ្សារនេះមិនមែនយកថវិកាជាតិនោះឡើយ គឺជាថវិកាផ្ទាល់ខ្លួន ហើយការកៀរគរថវិកានេះ គឺបង្ហាញពីសិល្បៈ នៃការចែករំលែក។

ពាក់ព័ន្ធការឆេះផ្សារនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានច្រានចោលផងដែរ ចំពោះការលើកឡើងមួយចំនួនថា រដ្ឋបាលផ្សារជាអ្នកលួច ដុតនោះ។ សម្តេចតេជោ បានបញ្ជាក់ថា គ្រោះអគ្គិភ័យពិតណាស់ថា ប្រជាពលរដ្ឋខាតបង់តែរដ្ឋបាលខេត្ត ក៏ជាអ្នកខាតបង់ខ្លាំងផងដែរ។

សូមបញ្ជាក់ថា កាលពីម៉ោង១០៖៥នាទីយប់ថ្ងៃ៧ ខែមេសា ឆ្នាំ២០១៦ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាប់ឆេះផ្សារស្ទឹងត្រែង ក្នុងនោះតូបលក់ដូប្រមាណ១២២០តូប ត្រូវឆេះបំផ្លាញអស់ទាំងស្រុង៕

 

Posted by Sorn Sopheak on Thursday, April 7, 2016

Advertising