(កណ្ដាល)៖ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះបិទការដ្ឋានជីកដីមួយកន្លែងដែលមានម្ចាស់ឈ្មោះ តាម៉ាប់ និងបានពិន័យតាមច្បាប់អន្តរការ ក្រោយរកឃើញថាការដ្ឋានជីកដីនេះ មិនទាន់មានច្បាប់អនុញ្ញាត្តនៅឡើយទេ ហើយថែមទាំងបង្ករភាពអនាធិបតេយ្យជាច្រើនផ្សេងទៀត ។

លោកណុប ដារ៉ា បានបិទការដ្ឋាននេះ ក្រោយលោកបានដឹកនាំជំនាញជាច្រើននាក់ចុះពិនិត្យតាមការដ្ឋានជីកដីនានានៅតាមភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយរកឃើញថាការដ្ឋានជីកដីមួយនេះ មិនមានច្បាប់អនុញ្ញាត្តនៅឡើយ ។

លោក ណុប ដារ៉ា បានបញ្ជាក់ថា ការដឹកនាំកម្លាំងចុះមកពិនិត្យនេះ ដើម្បីពិនិត្យមើល និងស្រាវជ្រាវរកការដ្ឋានជីកដីណាមួយដែលមិនមានច្បាប់អនុញ្ញាត្ត និងមិនគោរពតាមគោលការណ៍ច្បាប់រ៉ែ ច្បាប់ចរាចរណ៍ ជាដើម ដើម្បីសិក្សាមើលនិងពិនិត្យលើការបង់សួយសារជូនរដ្ឋជាដើម។

លោកថា បើសិនជារកឃើញថា ការដ្ឋានជីកដីណាមួយមិនមានច្បាប់ទេនោះ លោកនឹងផ្អាកអាជីវកម្មបណ្ដោះអាសន្ត ,ពិន័យតាមច្បាប់អន្តរការ និង ស្នើរឲ្យទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ ។

សកម្មភាពចុះបិទការដ្ឋានជីកដីរបស់ម្ចាស់ឈ្មោះ តាមម៉ាប់ដែលស្ថិតនៅភូមិត្រោះ ឃុំទ្រា ស្រុកកណ្ដាលស្ទឹងនេះ ក្រុមការងារបានសម្រេចឲ្យម្ចាស់ការដ្ឋានបញ្ឈប់សកម្មភាពអាជីវកម្មទាំងស្រុង រង់ចាំការដោះស្រាយបញ្ហាមួយចំនួន និងច្បាប់ធ្លាក់មកឲ្យជាមុនសិន ។ ព្រមទាំងបានពិន័យតាមមាត្រា ៣៥ ស្ដីពីច្បាប់ផងដែរ ។

លោកណុប ដារ៉ា បានព្រមានដល់ម្ចាស់អាជីវកម្មរ៉ែទាំងអស់ទូទាំងខេត្តកណ្ដាល ចាំបាច់ត្រូវគោរពតាមច្បាប់ឲ្យបានដាច់ខាត បើមិនគោរពទេ អាជ្ញាធរនឹងប្រើធម៍ក្ដៅមិនខានឡើយ មិនគិតខ្សែរខាងណានោះទេ ។

ទន្ទឹមនោះ លោកក៍បានផ្អាកអាជីវកម្មចំនួន ០២ កន្លែងផ្សេងទៀត ស្ថិតនៅភូមិថ្មី និងភូមិក្រាំងតី ឃុំថ្មី ដែលជីកលើសដែនអាជ្ញាបណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ ។

លោកបានណែនាំនិងលើកទឹកចិត្តម្ចាស់អាជីវកម្ម អោយប្រកបរបរអោយបានត្រឹមត្រូវមានច្បាប់អនុញ្ញាត និងគោរពតាមបទដ្ឋានបច្ចេកទេស។ ចំពោះអាជីវកម្ម ៣កន្លែងនេះ គណៈកម្មការនឹងអនុវត្តតាមនីតិវិធីដោយធ្វើការពិន័យ និងអោយបង់សួយសារ៉ែចូលរដ្ឋឡើងវិញអោយបានត្រឹមត្រូវ។

គួរជម្រាបថា សកម្មភាពនៃការជីកដីកាយដី កាយយកខ្សាច់ នៅភូមិស្រុកកណ្ដាលស្ទឹង បាននិងកំពុងមានសកម្មភាពយ៉ាងគគ្រឹកគគ្រេង ខណ:ដែលសេចក្ដីរាយការណ៍ពីមូលដ្ឋានបានអះអាងថា ការដ្ឋានមួយចំនួនគ្មានច្បាប់អនុញ្ញាត្ត ជីកលើសអាជ្ញាប័ណ្ណ បំពានច្បាប់ មិនបងើសួរសារជូនរដ្ឋជាដើម ពិសេសគឺការដឹកកម្ទេចផ្លូវហាក់គ្មាននរណាអើពើដោះស្រាយសោះឡើយ ៕