(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានដើរតួនាទីសំខាន់ក្នុងការចូលរួមរក្សាសន្តិភាព ស្ថិរភាព ភាពរុងរឿង និងនិរន្តរភាពតំបន់អាស៊ាន ព្រមទាំងបានរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍសមត្ថភាព នៃរដ្ឋសមាជិកអាស៊ានផងដែរ។

ការគូសបញ្ជាក់បែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិ អាស៊ាន-សាធារណរដ្ឋកូរ៉េ តាមរយៈ Video Conference នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកកិច្ចប្រជុំនេះជាឱកាសមួយដ៏ប្រពៃ ក្នុងការរឹតចំណងទាក់ទងរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅក្នុងវិស័យការពារជាតិ ដើម្បីកសាងសហគមន៍ដែលមានជោគវាសនារួមគ្នា ដោយផ្តោតលើភាពរីកចម្រើន រុងរឿងរួម។ ខណៈទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ត្រូវបានវិវត្តចេញពីដៃគូកិច្ចសន្ទនាតាមវិស័យ ចាប់តាំងពីឆ្នាំ១៩៨៩ រហូតបានក្លាយជាដៃគូកិច្ចសន្ទនាពេញលេញ ក្នុងឆ្នាំ១៩៩១ ហើយបានក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១០។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានវាយតម្លៃយ៉ាងដូច្នេះថា៖ «នៅក្នុងទំនាក់ទំនងជាមួយអាស៊ានកន្លងមកនេះ សាធារណរដ្ឋកូរ៉េ បានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ភាពរុងរឿង និងនិរន្តរភាពតំបន់។ បន្ថែមពីលើនេះទៀត សាធារណរដ្ឋកូរ៉េ បានរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍសមត្ថភាព នៃរដ្ឋសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន មានជាអាទិ៍ដូចជា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក»។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ តែងតែចូលរួមស្មើភាពគ្នាក្នុងការដោះស្រាយ បញ្ហាសន្តិសុខមិនមែនប្រពៃណីនៅក្នុងតំបន់ និងបានជួយកសាងសមត្ថភាពរដ្ឋសមាជិកអាស៊ានផងដែរ។ ការប្តេជ្ញាចិត្តរបស់សារធារណរដ្ឋកូរ៉េត្រូវបានឆ្លុះបញ្ចាំង តាមរយៈការគាំទ្រដល់កិច្ចខិតខំរបស់អាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយការរីករាលដាលជំងឺរាតត្បាត ដូចជាការផ្តល់ជំនួយដល់គម្រោងថវិកាឆ្លើយតបនឹងជំងឺកូវីដ១៩ របស់អាស៊ាន និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ជាដើម។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រីការពារជាតិ ក៏សូមធ្វើការអបអរសាទរដល់សាធារណរដ្ឋកូរ៉េ ដែលទទួលបានជោគជ័យក្នុងការធ្វើជាសហប្រធានក្រុមកាងារជំនាញស្តីពីប្រតិបត្តិការរក្សាសន្តិភាព នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ជុំទីពីរជាមួយកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញ ស្តីពីសន្តិសុខលម្ហសមុទ្រ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ចាប់ពីឆ្នាំ២០១៧-២០២០ ជាមួយនឹងសិង្ហបុរី។

សម្តេចមានមានជំនឿយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េ នឹងបន្តវាយតម្លៃខ្ពស់នូវប្រពៃណី នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងគោលបំណងគាំទ្រតំបន់ នៅពេលប្រឈមការគម្រាមកំហែងសន្តិសុខមិនមែនប្រពៃណី។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបន្តលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕