(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងបញ្ជាក់ថា ការបំពាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា តភ្ជាប់ទៅនឹងប្រព័ន្ធអេឡិចត្រូនិកជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានឧបករណ៍នាឡិកាវាស់ចំណុះ នាឡិកាវិភាគសារធាតុរាវ នៅខ្សែចង្វាក់ផលិតកម្ម វេចខ្ចប់ និងប្រអប់ត្រួតពិនិត្យទិន្នន័យ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតាមដានការប្រកាស និងបង់ប្រាក់ពន្ធរបស់សហគ្រាស និងធានាបាននូវការ ប្រកួតប្រជែងដោយស្មើភាព។

លោក គង់ វិបុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរនៅក្នុងរោងចក្រផលិតស្រា បៀររបស់ក្រុមហ៊ុន HEINEKEN (CAMBODIA) CO., LTD ដោយមានការចូលរួមពីលោក WONG Chung Wah Samson នាយកគ្រប់គ្រងក្រុមហ៊ុន Heineken (Cambodia) Co., Ltd. រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុនជាច្រើនរូប។

លោក គង់ វិបុល បានបន្ថែមថា នៅពេលនេះមានសហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា មួយចំនួនទៀត បាននិងកំពុងសហការ ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយបានត្រៀមរៀបចំដំឡើងឧបករណ៍វាស់ចំណុះនេះ ដែលអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានសហគ្រាស ផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាបន្តបន្ទាប់ទៀត នឹងចូលរួមអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះ។ ការចាប់ផ្តើមថ្ងៃនេះគឺជាគំរូល្អក្នុងការអនុវត្ត សម្រាប់សហគ្រាសក្នុងវិស័យដូចគ្នានេះ ហើយវិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានដ៏សំខាន់របស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។

បន្ថែមពីនេះ លោក គង់ វិបុល ក៏បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន Heineken ដែលជាសហគ្រាសមួយមានអនុលោមភាពសារពើពន្ធខ្ពស់ និងជាក្រុមហ៊ុន ដែលបានស្ម័គ្រចិត្ត ចូលរួមសហការ និងបានបំពាក់ឧបករណ៍វាស់ចំណុះនេះមុនគេ ហើយព្រមទាំងទទួលបានការកោតសរសើរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលជាក្រុមហ៊ុនដំបូងគេ ដែលបានស្ម័គ្រចិត្តក្នុងការចូលរួមសហការដំឡើង និងប្រើប្រាស់ឧបករណ៍វាស់ចំណុះ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ដែរថា ក្នុងគោលដៅពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទជាពិសេសចំណូលអាករ ពិសេសលើផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិ សុរាឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាពគ្នា អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំលេខ ១៥០២៤ អពដ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក ស្របតាមខ្លឹមសារប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សហគ្រាសផលិតក្នុងស្រុក មានកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះតាមចំណុចទីតាំង និងស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋាន ពន្ធដារ ដោយបានកំណត់ពេលវេលានៃការផ្តើមអនុវត្តប្រើប្រាស់ឧបករណ៍វាស់ចំណុះនេះចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ៕