(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាថ្មី ជូនថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចំនួនប្រមាណ៤០០នាក់ ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

មានមតិក្នុងសុន្ទរកថាស្វាគមន៍ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ឱកាសដល់ សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពររបស់ផ្នែកឯកជនដាក់បញ្ចូលក្នុងច្បាប់ ស្តីពីវិនិយោគថ្មីនេះ។

អ្នកឧកញ៉ា បានមានប្រសាសន៍បន្ថែមថា ការអនុម័តដាក់ឲ្យប្រើនូវច្បាប់វិនិយោគនេះ ពិតជាមានសារៈសំខាន់ និងចំពេល ខណៈដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយច្បាប់នេះ នឹងចូលរួមចំណែកក្នុងការធ្វើឲ្យកម្ពុជាទាញយកផលប្រយោជន៍ បានជាអតិបរមាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដែលរាជរដ្ឋាភិបាលបានខិតខំ សម្រេចបាននាពេលថ្មីៗនេះ។

ក្នុងន័យនេះ ផ្នែកឯកជនបានសាទរដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់នេះ នឹងពិតជាបង្កើតបាននូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកប ដោយភាពអំណោយផលដល់ការវិនិយោគ។

អ្នកឧកញ៉ាក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មកកាន់វិស័យឯកជន។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា រួមទាំងសមាជិកដែល នៅតាមបណ្តាខេត្តនានា ដែលបានបង្ហាញពីការផ្តល់សារៈសំខាន់ និងការយកចិត្តទុកដាក់របស់ ផ្នែកឯកជនដល់ច្បាប់នេះ ថ្វីត្បិតការជួបជុំនាពេលនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូក្តី។

លោកបានជម្រាបជូនអង្គសិក្ខាសាលាអំពីសាវតារនៃការតាក់តែងច្បាប់វិនិយោគ ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើន រួមទាំងកិច្ចពិគ្រោះយោបល់ជាមួយផ្នែកឯកជនផងដែរ។

ក្នុងន័យនេះ លោកបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ដែលចូលរួមផ្តល់ធាតុចូលល្អៗ ក្នុងកិច្ចដំណើរការនៃការតាក់តែងច្បាប់នេះ ក៏ដូចជាក្នុងបេសកកម្មជំរុញ និងទាក់ទាញវិនិយោគនាពេលកន្លងមក។

លោកបានលើកឡើងថា ច្បាប់វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលបង្កឡើង ដោយភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច, បដិវត្តឧស្សាហកម្មទី៤, បរិវត្តឌីជីថល, និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ច្បាប់វិនិយោគថ្មីនេះ ក៏បានផ្តល់ការគិតគូរដល់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមផងដែរ តាមរយៈការផ្តល់ការលើកទឹកចិត្ត ដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព និងការជំរុញការតភ្ជាប់ជាមួយ សហគ្រាសខ្នាតធំ។

លោកក៏បានលើកឡើងថា ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនគឺជាកត្តាដ៏ចាំបាច់មិនអាចខ្វះបាន ដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងការជួយឲ្យសេដ្ឋកិច្ចមានភាពលូតលាស់ ហើយមិនមែនតែការវិនិយោគផ្ទាល់មក ពីបរទេសទេ ដែលមានសារៈសំខាន់ ប៉ុន្តែការវិនិយោគដោយ វិនិយោគិនក្នុងស្រុកក៏បានចូលរួម និងនឹងចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងន័យនេះ លោកមានជំនឿជឿជាក់ថាតាមរយៈសិក្ខាសាលានាថ្ងៃនេះ ថ្នាក់ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជាបានយល់កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់នេះ ហើយនឹងបង្កើនការបណ្តាក់ទុនវិនិយោគរបស់ខ្លួន បន្ថែមមួយកម្រិតទៀត ក៏ដូចជាជួយផ្សព្វផ្សាយដល់វិនិយោគិននៅក្នុងនិងក្រៅប្រទេសផងដែរ៕