(ស្វាយរៀង)៖ ស្រ្ដី៣នាក់មានផ្ទុកជំងឺកូវីដ១៩ បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមការខិតខំប្រឹងប្រែងពីក្រុមគ្រូពេទ្យជំនាញ។

ក្រុមគ្រូពេទ្យ មន្ទីរពេទ្យខេត្តស្វាយរៀង បានឲ្យដឹងថា មានស្ត្រីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់ត្រូវ បានក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យ រួមមាន៖

*ទី១៖ ឈ្មោះ ពៅ អូន អាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង២៣៖១៥នាទី ដោយទទួលបានកូនប្រុសម្នាក់ទំងន់ ២,២ គីឡូក្រាម។

*ទី២៖ ឈ្មោះ លីវ ស្រីល័ក្ខ អាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិអង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង០១៖៥០នាទី ដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ៣,០០ គីឡូក្រាម។

*ទី៣៖ ឈ្មោះ នួន ស៊ីណាត អាយុ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិតាប៉ោង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង២៖២៥នាទី ដោយទទួលបានកូនប្រុសម្នាក់ទំងន់ ៣,២គីឡូក្រាម។

បច្ចុប្បន្នសុខភាពស្រ្ដីទាំង៣នាក់ និងកូនក្រោយសម្រាលមានស្ថានភាពល្អប្រសើរ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យខេត្តស្វាយស្វាយរៀង បានសម្រាកកូនជូនស្ត្រីដែលវិជ្ជមានកូវីដ-១៩ សរុបបាន៦១ករណី។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមប្រកាន់ភ្ជាប់នូវ វិធានការ «៣កុំ និង៣ការពារ» និងចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា៕