(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន០១នាក់ ឈ្មោះ យូ ចិន្តា មានស្រុកកំណើត នៅភូមិកសាង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបានទៅធ្វើការងារផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ពលការិនី យូ ចិន្តា បានទៅស្ថានទូត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែ និងជួយឲ្យបានត្រឡប់មកស្រុកកំណើតវិញ។ ដោយថៅកែ មិនព្រមដោះស្រាយបើកប្រាក់ខែដែលនៅសល់ តាមការព្យាយាមសម្របសម្រួលរបស់ស្ថានទូត ស្ថានទូតបានប្តឹងករណីនេះ ទៅតុលាការការងាររបស់ម៉ាឡេស៊ី។

បន្ទាប់ពីការសម្របសម្រួលរបស់តុលាការ ថៅកែរូបនេះ បានយល់ព្រមបើកប្រាក់ខែដែលនៅសល់ឲ្យពលការិនី យូ ចិន្តា។​ ពលការីនីខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៥៖៥៥នាទី តាមជើងយន្តហោះ AK ៥៣៤។

កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូប-ចុក ជូនដល់ពលការិនី យូ ចិន្តា ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១១ ខែមេសា ដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច៕