(ភ្នំពេញ)៖ លោកស្រី Alissar CHAKER ប្រធាន UNDP ថ្មី ប្រចាំកម្ពុជា បានបង្ហាញពីសេចក្តីសប្បាយរីករាយដែលបានចូលរួមធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានតាំងចិត្តបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ឈានឆ្ពោះទៅរកការបញ្ចប់ការគំរាមកំហែងដោយសារមីនឆ្នាំ២០២៥ ខាងមុខនេះ។

ការប្រកាសប្តេជ្ញាចិត្តបែបនេះរបស់ប្រធាន UNDP បានធ្វើឡើងព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ UNDP ដែលបានចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះបានចូលរួមដល់ការងារសកម្មភាពមីន មនុស្សធម៌ ចាប់តាំងពីឆ្នាំ២០០៦ តាមរយៈគម្រោងបោសសម្អាតមីន ដេីម្បីលទ្ធផលដែលរហូតមកដល់ពេលនេះ គឺជាការអនុវត្តគម្រោងដំណាក់កាលទី៤។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ចាប់ពីឆ្នាំ២០០៦ ដល់ខែកញ្ញា ឆ្នាំ២០២១ គម្រោងនេះបានចូលរួមបោសសម្អាតផ្ទៃដីប្រមាណ ២៧៥គីឡូម៉ែត្រក្រឡា សម្រាប់យកមកប្រេីប្រាស់ដេីម្បីបង្កបង្កេីនផល និងសាងសង់លំនៅឋានដោយសហគមន៍ ដែលរងផលប៉ះពាល់ព្រមទាំងបានរកឃេីញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្ស ចំនួន៧១,៨៤៩គ្រាប់, មីនប្រឆាំងរថក្រោះចំនួន១,៥១៥គ្រាប់, សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២១៤,៥៤២ និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទចំនួន១,០៧៨,០២២នាក់ ដែលក្នុងនោះ៥០% គឺជាអ្នកទទួលផលជាស្ត្រី។

លោកទេសរដ្ឋមន្រ្តីបានសំណូមពរឱ្យលោកស្រី Alissar CHAKER បន្តជួយកៀរគរធនធានបន្ថែមពីសហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ មូលដ្ឋានការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមានសុវត្ថិភាពតាមរយៈការចូលរួមបោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជា៕