(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋងាយរងគ្រោះមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាព ដែលរស់នៅតាមបណ្ដោយអតីតផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែទី១ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ការចុះសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋ ងាយរងគ្រោះមួយចំនួន របស់លោកអភិបាលខណ្ឌ ក៏មានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានការិយាល័យជុំនាញ និងលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ព្រមទាំងអស់លោក-លោកស្រីចៅសង្កាត់រងទី១-ទី២ ក្រុមប្រឹក្សាសង្កាត់ យុវជន ស.ស.យ.កសង្កាត់ ជាមួយនិងលោកមេភូមិ ដើម្បីអមដំណើរ។

លោក ឯក ឃុនដឿន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចរាល់ហើយប្រើប្រាស់កន្ទុយសន្លឹក ឬកាតក្រសួងការពារជាតិ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៣ (ដូសជុំរុញ) នៅ៤ទីតាំងផ្សេងៗគ្នា រួមមាន៖ មណ្ឌលចាក់វ៉ាក់សាំងវិហារឥស្លាមគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១, មណ្ឌលចាក់វ៉ាក់សាំងវត្តទួលសន្តិវ័ន្ដ (វត្តទួលអស់លោក) សង្កាត់គីឡូម៉ែត្រលេខ៦, មណ្ឌលចាក់វ៉ាក់សាំងវត្តឧត្តរាវត្តី សង្កាត់ឫស្សីកែវ និងមណ្ឌលចាក់វ៉ាក់សាំងវត្តទួលសុវណ្ណារាម (វត្តទួលសង្កែ) សង្កាត់ទួលសង្កែទី១។

បន្ថែមពីនេះ លោក ឯក ឃុនដឿន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចរាលហើយប្រើប្រាស់កាតចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៣ (ដូសជុំរុញ) ជាមួយការទទួលចាក់លើកទី១ និងលើកទី២ ផងដែរ នៅ២ទីតាំងផ្សេងគ្នា រួមមាន៖ មណ្ឌលចាក់វ៉ាក់សាំង មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ សង្កាត់គីឡូម៉ែត្រលេខ៦ និងមណ្ឌលចាក់វ៉ាក់សាំង មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១។

លោកអភិបាលខណ្ឌឬស្សីកែវរូបនេះ នៅតែបន្តទទូចសុំឱ្យប្រជាពលរដ្ឋ បន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការពាក់ម៉ាស រក្សាគម្លាត និងការលាងដៃនិងសាប៊ូឱ្យបានញឹកញាប់ និងការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ បើទោះជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដែលជាការផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕