(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានដាក់ឲ្យដេញថ្លៃគម្រោងមូលនិធីអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវត្តទួលទំពូង ក្រោមវត្តមានលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី ភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន, លោក គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការរាជធានី និងលោក ម៉េត មាសភក្តី ប្រធានការិយាល័យវិនិយោគ និងផែនការ ព្រមទាំងលោក លោកស្រីជាអភិបាលរងខណ្ឌ និងចៅសង្កាត់ទាំង៥ និងមានប្រជាពលរដ្ឋ និងមានការចូលរួមដេញពីក្រុមហ៊ុនចំនួន៨ ផងដែរ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឲ្យដឹងថា ឆ្នាំនេះជាឆ្នាំទី២ របស់ក្រុមប្រឹក្សា សង្កត់អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដោយក្រុមប្រឹក្សា សង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់ គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយ ចំនួនទៀត។

លោក ថេង សុថុល បានបញ្ជាក់ថា ក្នុងឆ្នាំនេះ យើងបានដំណើរការដេញថ្លៃគំរោងរបស់សង្កាត់ទាំង៥ បានខិតខំកែលំអសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាការជួសជុលផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម មានដូចជា៖

*១៖ ក្នុងនោះសង្កាត់ទន្លេបាសាក់ ដេញថ្លៃគម្រោងជួសជុលដាក់លូដោះទឹកមូល និងផ្លូវបេតុងគ្មានសរសៃដែក ក្នុងភូមិ១៣ ចំនួន ២ខ្សែ៖ ខ្សែទី១ ប្រវែង ១១៦ម៉ែត្រ អង្កត់ផ្ចិត ០,៦ម៉ែត្រ ចាក់បេតុង ១,២,៣ កម្រាស់ ១៥០ម៉ែត្រ ចំនួន ១០៧ម៉ែត្រ២ និងខ្សែទី២ ប្រវែង ៥៥ម៉ែត្រ អង្កត់ផ្ចិត ០,៦ម៉ែត្រ ចាក់បេតុង ១,២,៣ កម្រាស់ ១៥០ម៉ែត្រ ចំនួន៧០ម៉ែត្រ ចំនួន៤៨,៨ម៉ែត្រ២ និងផ្លូវបេតុងគ្មានសរសៃដែក (គ្រឹះថ្មមិច) ប្រវែង០,១៦៦គីឡូម៉ែត្រ ទទឹង២ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិ១៣ និងស្លាកសញ្ញាគម្រោង១កន្លែង។

*២៖ សង្កាត់បឹងត្របែក ដេញថ្លៃគំរោង ជួសជុលដាក់ប្រព័ន្ធលូដោះទឹកមូលផ្លូវលេខ ៩៥ ភូមិ៥,៦ ប្រវែង ២៨៧ម៉ែត្រ x ០,៦០ម៉ែត្រ និងស្លាកសញ្ញាគម្រោង១កន្លែង។

*៣៖ សង្កាត់ទួលទំពូង១ ដេញថ្លៃគម្រោងដាក់លូមូលរំដោះទឹក ប្រវែង ២២៦ម៉ែត្រ អង្កត់ផ្ចិត ០,៦ម៉ែត្រ និងចាក់បេតុងកម្រាស់ ៧០ម៉ែត្រ ចំនួន ២០២ម៉ែត្រ២ ចាក់បេតុងកាត់ថ្នល់ ៣កន្លែង កម្រាស់ ១៥០ម៉ែត្រ ចំនួន ២៤ម៉ែត្រ២។

*៤៖ សង្កាត់ទួលទំពូងទី២ ដេញថ្លៃគំរោង ចាក់ផ្លូវអ៊ុតកៅស៊ូអាល់ស្វាល់ ២ខ្សែ ៖ ខ្សែទី១ មានប្រវែង ០,០៨៧គីឡូម៉ែត្រ ទទឹង៤,៤០ម៉ែត្រ មានកម្រាស់ ៥០ម៉ែត្រ និងខ្សែទី២ មានប្រវែង ០,០៩៤គីឡូម៉ែត្រ ទទឹង ៨,១០ម៉ែត្រ មានកម្រាស់ ៥០ម៉ែត្រ។

*៥៖ សង្កាត់ផ្សារដើមថ្កូវ ដេញថ្លៃលើគម្រោងជួសជុលផ្លូវបេតុង គ្មានសរសៃដែក (គ្រឹះថ្មមិច) ប្រវែង ០,២១៩គីឡូម៉ែត្រ ទទឹង៤ម៉ែត្រ ភូមិ៥ និងស្លាកសញ្ញាគម្រោង១កន្លែង។

ជាមួយគ្នានេះដែរ លោក ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតម្លៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគម្រោង គឺមានភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។

នៅក្នុងឱកាសនោះដែរ លោក ក៏បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាឲ្យបានច្បាស់លាស់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំអោយមានការដេញបែបបំផើមចោល បានន័យថា ក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន។

បន្ថែមពីននេះទៀត លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានស្នើអោយគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យអោយបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃ តាមដំណាក់កាលនីមួយៗ សហការជាមួយ ប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យាគម្រោង កុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាព ក្នុងការអនុវត្តគម្រោង៕