(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញដង្ហែអង្គកឋិនទានចូលវត្តចំនួន២ គឺវត្តស្វាយព្រហូត ក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង និងវត្តចារ ក្នុងភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។

សូមបញ្ជាក់ថា អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើង បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលរយៈពេលធ្វើបុណ្យកឋិនទាននេះមាន២៩ថ្ងៃ ហើយក្នុងវត្តនីមួយៗ បានដង្ហែអង្គកឋិនទាន បានម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ចីវរ និងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀត សម្រាប់នាំមកវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗ សម្រាប់ប្រើប្រាស់កសាងសមិទ្ធិផលនានាក្នុងទីអារាម។

បន្ថែមពីនេះទៀត ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធា ជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូន ជីតា ញាតិកាទាំងប្រាំពីសណ្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខចំរុងចំរើនជារៀងរហូតទៅ៕