(បាត់ដំបង)៖ លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២១ បានចុះណែនាំក្រុមនេសាទខុសច្បាប់ និងទុកពេល៥ថ្ងៃ ឲ្យរុះរើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ទាំងអស់ បើមិនអនុវត្តន៍តាមការណែនាំទេ អាជ្ញាធរនឹងបង្ក្រាបដោយមិនយោគយល់ឡើយ។

លោក ម៉ិល សុផល បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការប៉ុន្មានថ្ងៃកន្លងមកនេះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការស្រុកជាច្រើននាក់ ចុះអប់រំ ណែនាំស្តីពីការប៉ះពាល់ និងបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះជាច្រើនទៀត ដែលផ្តើមឡើងដោយសារការមិនគោរពច្បាប់ដូចជា៖ ការបំពាននេសាទប្រើប្រាស់សំណាញ់ក្រឡាល្អិត ការនេសាទក្នុងរដូវហាមឃាត់ ល្មើសនេសាទត្រីក្នុងដែនអភិរក្ស និងប្រើឧបករណ៍ល្មើសច្បាប់ជាច្រើនទៀត ធ្វើឲ្យធនធានធម្មជាតិ មច្ឆាជាតិ សត្វស្លាបគ្រប់ប្រភេទកាន់តែបាត់បង់រេចរឹលផុតពូជ។

លោកអភិបាលស្រុកឯកភ្នំ បានបន្តថា ការនេសាទរបស់ប្រជានេសាទមួយចំនួនតូច រួមទាំងក្រុមឈ្មួញ បានចូលនេសាទត្រីនៅដែនអភិរក្សឡូត៍លេខ២ តែងកើតមានដូចវេកចករៀងរាល់ឆ្នាំ ទើបឆ្នាំនេះរដ្ឋបាលស្រុកមានវិធានការ ទន់ភ្លន់ បែបត្រជាក់ជាមុន ចុះណែនាំឲ្យរាល់អ្នកនេសាទខុសច្បាប់ ឲ្យរុះរើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ទាំងអស់ដោយខ្លួនឯង ដោយកម្លាំងគណៈបញ្ជាការស្រុកមិនចង់ប្រើប្រាស់វិធានការប៉ះដៃយកដៃ និងប៉ះជើងយកជើងឡើយ។

លោកអភិបាលស្រុក បានបន្ថែមថា ទន្ទឹមនឹងការចុះណែនាំក្នុងនាមជាអាជ្ញាធរ លោកបានទុករយ:ពេលចំនួន៣ថ្ងៃ ក្នុងករណីរុះរើរៀបចំមិនទាន់ នឹងអាចពន្យាពេល២ថ្ងៃទៀត ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ បើអនុវត្តន៍តាមការណែនាំទេ នឹងមានការបង្ក្រាប ដកហូតសម្ភារល្មើសពាក់ព័ន្ធ ហើយមិនយោគយល់ឡើយ។ ជាពិសេសតំបន់អភិរក្សឡូត៍លេខ២ ក្នុងទំហំ៥០១៣៤ហិកតា ហើយមានវិសាលភាពយ៉ាងធំធេង ព្រោះវាជាដែនជម្រកត្រីពងកូន ជាជម្រកពពួកសត្វស្លាបផ្សេងៗកាច់សំបុកពងកូនផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ម៉្យាងវិញទៀត តំបន់នេះជាទីកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ ចូលទៅទស្សនាកំសាន្ដជាបន្តបន្ទាប់ឥតឈប់ឈរ៕