(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីអបអរសាទរ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមប្រព័ន្ធអនឡាញ។

លោក ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍ នាឱកាសសំណេះសំណាលក្នុងពិធីហាត់សមនាពេលកន្លងមក បានថ្លែងថា ព្រឹត្តិការណ៍សិល្បៈនេះ ក្រៅពីមានការសម្តែងនូវទស្សនីយភាពសិល្បៈចម្រុះទាំងបុរាណ និងសម័យ គឺមានការសម្តែងល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិនិងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលសហគមន៍វត្តស្វាយ តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានទទួល ស្គាល់ដោយអង្គការ UNESCO អស់រយៈពេល ៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ។

លោកបានបន្តថា ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតាមបណ្តាស្ថានីយ៍ទូរទស្សន៍-សារព័ត៌មាន-បណ្តាញទំនាក់ទំនងសង្គម មួយចំនួនដែលនឹងរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពិភពលោកនឹងបានឃើញពីតម្លៃល្ខោនខោលកម្ពុជាដែលជាតម្លៃនៃមនុស្សជាតិ ហើយនេះក៏ជាបំណងដែលយើងគ្រប់គ្នាចង់បាន។

លោកក៏បាន អំពាវនាវឱ្យប្រជាជនខ្មែរជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលដូនតាខ្មែរបន្សល់ទុកឱ្យនៅបានយូរអង្វែងទៅមុខទៀត។

ដោយឡែក លោក ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារអចិន្រ្តៃយ៍ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំព្រឹត្តិការណ៍ និងសិល្បៈទស្សនីយភាព បានបញ្ជាក់បន្ថែមទៀតថា នេះជាលើកទី២ហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិ្កការណ៍នេះឡើងបន្ទាប់ពីបានរៀបចំនូវព្រឹត្តិការណ៍រាត្រីចងចាំលើកទី១ នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានអ្នកចូលរួមទស្សនាដោយផ្ទាល់ប្រមាណជាង ២ម៉ឺននាក់។

ប៉ុន្តែឆ្នាំ២០២១នេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាសាកល ទើបព្រឹត្តិការណ៍រាត្រីចងចាំឆ្នាំ២០២១ ពុំត្រូវបានរៀបចំសម្តែងដោយផ្ទាល់នៅទីកន្លែងសារធារណៈ ឬក្នុងតំបន់ទេសចរណ៍ណាមួយនោះទេ មានន័យថាទិដ្ឋភាព សោភណ្ឌភាព បច្ចេកទេសនៃការ សម្តែងគឺបានបង្ហាញពីរសជាតិថ្មី តាមបរិបទថ្មីនៃប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ)។

លោកបានបន្តថា ព្រឹត្តិការណ៍នេះ គឺមានសិល្បករ សិល្បការិនី នាដកា តន្រ្តីករ និងតារាសម្តែងល្បី សរុបប្រមាណេជិត ២០០នាក់ បានស្ម័គ្រចិត្តចូលរួមសម្តែង ដោយបង្ហាញពីការពេញចិត្ត និងក្តីស្រលាញ់ពីបេះដូង ដែលការណ៍នេះ បង្ហាញពីឆន្ទ:នៃយុវជនប្រតិបត្តិវិស័យ ដើម្បីរួមគ្នាលើកស្ទួយមរតកវប្បធម៌ជាតិ។

លោក ក៏បានបញ្ជក់ផងដែរថា ថ្វីត្បិតរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យក៏ពិតមែន តែសិល្បករ សិល្បការិនី បានរៀនរស់នៅដោយចេះសម្របខ្លួនតាមគន្លងប្រក្រតីភាពថ្មី ស្របតាមវិធានការណ៍របស់ក្រសួងសុខាភិបាល៕