(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៣៩៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញនៅយប់ថ្ងៃអង្គារ៍នេះ។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១២នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៥២៣នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២២៤,២០០ករណីគិតត្រឹមថ្ងៃអង្គារនេះ។

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញ ដែលមានចំនួនឆ្លងថ្មីចំនួន២,៤៧០ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕