(ស្ទឹងត្រែង)៖ អ្នកទោសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈអ្នកទោស៦នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់។

សមត្ថកិច្ចខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ឈ្មោះ ទូច វ៉ាត់ ជាប់ទោស៣០ឆ្នាំ រឿងបទល្មើសជួញដូរគ្រឿងញៀន។ អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង០៨៖៣០នាទី យប់ថ្ងៃទី០៩ ខែវិច្ឆិកានេះ នៅចំណុចភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សូមជម្រាបថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នាវេលាទៀបភ្លឺខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន បានប្រើប្រាស់អាវុធបាញ់ចំនួន៤គ្រាប់ដើម្បីគម្រាមបញ្ឈប់ សកម្មភាពរត់គេចតែមិនអាចរារាំងបាន។

តាមការពិនិត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយភួយ ដើម្បីខ្ទប់វាយមិនឲ្យលឺសំលេង៕